អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំក្រុមការងារចងក្រងខ្លឹមសារប្រវត្តិល្អាងនានានៅរមណីយដ្ឋានភ្នំសំពៅ និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមក្រុង ស្រុក

ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចងក្រងខ្លឹមសារប្រវត្តិល្អាងនានានៅរមណីយដ្ឋានភ្នំសំពៅ ដើម្បីដាក់តាំងបង្ហាញផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏ដូចជាយុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់ពីប្រវត្តិជាក់លាក់ច្បាស់លាស់ សំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរទៅទស្សនាកំសាន្តឱ្យបានច្រើនបន្ថែមទៀត។

កិច្ចប្រជុំនេះបានឯកភាព និងសម្រេចទាំងស្រុងលើខ្លឹមសារប្រវត្តិល្អាងនានាដើម្បីត្រៀមរៀបចំចារឹកឡើងសម្រាប់តាំងបង្ហាញនៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅផ្ទាល់តែម្ដងក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងកិច្ចប្រជុំដដែលនេះ ឯកឧត្តម សុខ លូ ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការរក្សាដីចំណីផ្លូវ និងរៀបចំសួនសាធារណៈនៅតាមទីប្រជុំជនដើម្បីឱ្យប្រជាពលរដ្ឋហាត់ប្រាណរក្សាសុខភាព។

ជាមួយគ្នានេះ ឯកឧត្តម សុខ លូ បានដឹកនាំពិភាក្សាលើការរៀបចំសួនសុវត្ថិភាពចរាចរណ៍ សួនសាធារណៈនិងទីធ្លាសម្រាប់ពលរដ្ឋហាត់ប្រាណ រៀបចំផ្លូវដើរ និងសណ្ដាប់ធ្នាប់សាធារណៈនៅបរិវេណផ្សារណាត់ក្រុងបាត់ដំបង។

ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំពិភាក្សាលើការរក្សាដីចំណីផ្លូវពីទីតាំងរង្វង់មូល«ព្រាបសន្តិភាព» រហូតដល់ផ្លូវជាតិលេខ៥ថ្មី និងពីរង្វង់មូលនាងរំសាយសក់ទៅដល់ភ្នំសំពៅ ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសម្រួលដល់ការធ្វើដំណើរលើដងផ្លូវ និងលើកកម្ពស់សោភ័ណភាពនៅតាមទីប្រជុំជន៕SRP