ខេត្តកំពង់ចា៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃនេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) ដែលសម្រេចបានប្រមាណ៨០% ហើយរំពឹងថានឹងកសាងរួចរាល់100% នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ2026។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ដោយមើលឃើញ ពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជា ការផ្តល់នូវទីកន្លែងសមរម្យ សម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនផងនោះ គណៈអភិបាល បានឯកភាព និងអនុញ្ញាតឱ្យក្រុមការងារជាង ធ្វើការសាងសង់អគាររដ្ឋបាលថ្មីនេះ ឱ្យបានឆាប់រហ័សតាមការគ្រោងទុក ក្នុង ររយៈពេល6ខែ ពោលគឺដេីមខែ4 មុនចូលខ្មែរ ឆ្ឆ្នាំ2026 ខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារជាង ធ្វេីយ៉ាងណាត្រូវសាងសង់អគាររដ្ឋបាលថ្មី ជាពិសេសត្រូវរៀបចំរចនាបទ និងសោភ័ណភាព នៅខាងក្នុងឱ្យបានឆាប់រួចរាល់ ដេីម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅមុនពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្ខ្មែរ ឆ្នាំ2026។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នសំណង់នេះកំពុងសាងសង់លទ្ធផលសម្រេចបានប្រមាណជិត80% ហើយ ខណៈគម្រោងអាគារថ្មី នៃរដ្ឋបាលសាលាខេត្តនេះ ត្រូវបានសាងសង់ឡើងអំពីបេតុងអាមេ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង 53ម៉ែត្រ ទទឹង 24ម៉ែត្រ និងកម្ពស់ 3ជាន់ ដោយមានទីតាំងនៅក្នុងបរិវេណសាលាខេត្ត ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ក្រៅពីអគារថ្មីនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏មានអគារចាស់ជាច្រើន និងទីធ្លាក្នុងសាលាខេត្ត ត្រូវបានធ្វើការជួសជុលកែលម្អ ទុកសម្រាប់មន្ត្រីបម្រើការងារ ជារៀងរាល់ថ្ងៃផងដែរ៕SRP