ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ កិច្ចប្រជុំ AMS នឹងជះឥទ្ធិពលជាវិជ្ជមាន ចំពោះអនាគតរបស់វិស័យព័ត៌មាននៅក្នុងតំបន់ និងពិភពលោក
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី ហៅកាត់ថា AMS នឹងជះឥទ្ធិពលជាវិជ្ជមាន ចំពោះអនាគតរបស់វិស័យព័ត៌មាននៅក្នុងតំបន់ និងពិភពលោក ដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មានដែលមានគុណភាព ធានាបាននូវសិទ្ធិទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ រួមទាំងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
ក្នុងពិធីជប់លៀងផ្លូវការ និងប្រគល់រង្វាន់ជូនគណៈប្រតិភូជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ នៅខេត្តសៀមរាប នារាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្នុងរយៈពេល២ទសវត្សរ៍ កិច្ចប្រជុំនេះបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការពិភាក្សា កិច្ចសហប្រតិបត្តិការ និងបំណងច្នៃប្រឌិតក្នុងវិស័យព័ត៌មានមិនត្រឹមតែក្នុងអាស៊ីទេ ប៉ុន្តែជាសកលផងដែរ។ ការជួបជុំគ្នានាពេលនេះ គឺដើម្បីអបអរសាទរដល់ការលើកកម្ពស់នៃភាពល្អឆ្នើម ដែលជាភស្តុតាងនៃការច្នៃប្រឌិត បំណងការងារ និងការរួមចំណែកដល់សហគមន៍ និងឧស្សាហកម្មព័ត៌មានផ្សព្វផ្សាយ។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ការទាក់ទង និងការផ្លាស់ប្តូរខាងគំនិតនៅក្នុងកិច្ចប្រជុំ AMS នឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះអនាគតរបស់វិស័យព័ត៌មាននៅក្នុងតំបន់របស់យើង។ ចំណេះដឹងដែលត្រូវបានចែករំលែកក្នុងថ្ងៃនេះ ជាពិសេសអំពីឧបករណ៍ឌីជីថលថ្មីៗ វិធីសាស្ត្រផ្ទៀងផ្ទាត់ព័ត៌មាន និងយុទ្ធសាស្ត្រចែកចាយចំណេះដឹងឌីជីថល បានផ្តល់នូវការយល់ដឹងថ្មីៗ និងវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពក្នុងការបង្កើនការយល់ដឹងសាធារណៈ និងការតស៊ូប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ បន្ថែមពីនោះ នៅក្នុងកិច្ចប្រជុំថ្ងៃនេះ ក៏បានបញ្ចេញចំណុចសំខាន់ជាច្រើន ដែលទាក់ទងនឹងគោលបំណងធំបំផុតដែលយើងស្វែងរកនៅក្នុងសន្និសីទដែលនឹងបន្ត។
ឯកឧត្តមសង្ឃឹមថា កិច្ចប្រជុំកំពូលនេះនឹងផ្តល់នូវវេទិកាដ៏មានតម្លៃ សម្រាប់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្លាស់ប្តូរគំនិត ជំរុញកិច្ចសហប្រតិបត្តិការ និងដោះស្រាយ បញ្ហាប្រឈម និងឱកាសដែលកំពុងវិវត្តនៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ជាការពិតណាស់ ខេត្តសៀមរាប បានដើរតួជាម្ចាស់ផ្ទះនៃសន្និសីទជាតិ និងអន្តរជាតិ កិច្ចប្រជុំ និងវេទិកាជាច្រើន ព្រមទាំងសកម្មភាពសង្គម និងប្រពៃណីផងដែរ។ ទាំងនេះបានធ្វើឱ្យយើងខ្ញុំ និងប្រជាជន ខេត្តសៀមរាបមានមោទកភាព និងកិត្តិយសយ៉ាងខ្លាំង។ សម្រាប់កិច្ចប្រជុំនេះបានប្រមូលផ្ដុំអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ ទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកជំនាញ អ្នកកែសម្រួលជាន់ខ្ពស់ និងអ្នកសារព័ត៌មាននៅក្នុងតំបន់។ ពួកគាត់ សុទ្ធតែជាអ្នកនាំសារ ដែលយើងសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលលោកអ្នកត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ លោកអ្នកនឹងនាំសារឆ្លងទៅកាន់សាច់ញាតិ មិត្តភក្តិ មិត្តរួមការងារ និងសហគមន៍របស់លោកអ្នកអំពីជីវិត ដ៏សុខសាន្តនៅទីនេះក្នុងប្រទេសកម្ពុជា ជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់ប្រជាជនរបស់ខ្លួន និង អនុស្សាវរីយ៍ដ៏អស្ចារ្យផ្សេងទៀតដែលលោកអ្នកបានទទួលក្នុងអំឡុងពេលស្នាក់នៅខេត្តសៀមរាប។
សូមជម្រាបថា ការប្រគល់ពានរង្វាន់អន្តរជាតិ AIBD ឆ្នាំ២០២៥ ដោយម្ចាស់ជ័យលាភី កម្មវិធីទូរទស្សន៍ល្អបំផុត បានទៅលើទូរទស្សន៍ KBS ដែលបានដាក់កម្មវិធីមានចំណងជើងថា ភ្នំភ្លើងនឹងពួកយើង-ភ្នំយ៉ាស៊ូ , កម្មវិធីវិទ្យុល្អបំផុត បានទៅលើវិទ្យុជាតិកម្ពុជា ដែលបានដាក់កម្មវិធីមានចំណងជើងថា ប្រាសាទភ្នំដា ជាទីកំណើតប្រជាជនខ្មែរ, ពានរង្វាន់និរន្តរភាព និងបច្ចេកវិទ្យាបៃតង ដំណោះស្រាយកាកសំណល់ បានទៅលើទូរទស្សន៍ និងវិទ្យុ MRTV ដែលកម្មវិធីមានចំណងជើងថា ការកែប្រែសំរាម ដើម្បីភាពប្រសើរនៅថ្ងៃស្អែក និងពានរង្វាន់គណៈវិនិច្ឆ័យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ AIBD ឆ្នាំ២០២៥ បានទៅលើ វិទ្យុសំឡេង វៀតណាម VOV ដែលកម្មវិធីមានចំណងជើងថា ដីល្អទាក់ទាញសត្វបក្សី៕
អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប