លិខិតមិនទាន់ចេញ! តែធ្វើសកម្មភាពចាក់ដីលុបត្រពាំងវៀនខេត្តសៀមរាប៖ក្រុមមន្ត្រីជំនាញពាក់ព័ន្ធបាននាំគ្នាចុះទៅហាមឃាត់ការចាក់ដីលុបត្រពាំងមួយកន្លែង។
ការចុះទៅហាមឃាត់យ៉ាងដូច្នេះបន្ទាប់ពីមានការចាក់ដីលុបត្រពាំងហើយត្រូវបានបណ្ដាញសារព័ត៌មានផ្សព្វផ្សាយផងដែរ។
ទីតាំងត្រពាំងវៀន ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ការចុះហាមឃាត់ នៅថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥។
ម្ចាស់ទីតាំងដែលបានចាក់ដីលុបត្រពាំង ឈ្មោះ ណក់ រ័ត្ន ដែលអះអាងថា ជាម្ចាស់ដីឡូត៍មួយកន្លែងជាប់និងត្រពាំងបូរាណដ្ឋានខាងលើ ដោយបានស្នើសុំចាក់ដីតាមលិខិតស្នើសុំតាមរយៈ សង្កាត់ស្វាយដង្គំ ចុះហេត្ថលេខាដោយលោកហ៊ា ហាវ ចៅសង្កាត់។
លោកហៃ យ៉ុង អភិបាលរងក្រុងសៀមរាបបានប្រាប់បណ្តាញព័ត៍មាន ឲ្យដឹងថា ពាក់ព័ន្ធនិងការស្នើសុំចាក់ដីពីម្ចាស់ខាងលើនេះជាក្បាលដីដែលនៅជាប់និងបូរាណដ្ឋានតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលម្ចាស់ខាងលើបានប្រព្រឹត្តលំលោភច្បាប់នោះ ទី១ គឺការស្នើសុំតាមរយៈសង្កាត់ស្វាយដង្គំ បានដាក់នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុងសៀមរាបមរួចហើយតែមិនទាន់ចេញច្បាប់អនុញ្ញាតនោះទេ បែជាម្ចាស់ដីខាងលើធ្វើសកម្មភាពចាក់ដីទៅវិញ។
ទី២ ម្ចាស់ដីខាងលើ បានចាក់ដីលើត្រពាំងបូរាណនិងធ្វើចរាចណ៍ដឹកជញ្ជូនដីបណ្តាលធ្វើអោយប៉ះពាល់ត្រពាំងបូរាណដ្ឋានយ៉ាងខ្លាំង។ ករណីនេះ លោកមិនបានបញ្ជាក់ថា អាជ្ញាធរក្រុងនិងអាជ្ញាធរជាតិអប្សរាដែលបានចុះទៅបញ្ឈប់សកម្មភាព ត្រូវបន្តមានវិធានការផ្លូវច្បាប់ណាមួយចំពោះម្ចាស់ដីដែលបានល្មើសរំលោភនិងច្បាប់អនុញ្ញាតនោះទេ៕SRP