បែកធ្ធ្លាយរឿងមិនប្រក្រតីនៅស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល

0

ខេត្តកណ្ដាល៖មានការផ្សព្វផ្សាយថា មានការបែកធ្លាយភាពមិនប្រក្រតីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្ដាល ប្រមូល​លុយ​ចែកគ្នាធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល​ ទោះ​បីរថយន្ត​ធំៗ​ ផ្ទុក​ទំនិញលើស​ទម្ងន់​នៅតែ​អាច​ធ្វើ​សកម្មភាពទាំង​យប់​ទាំង​ថ្ងៃ មិនខ្វល់អ្វី​ទាំងអស់​។

ប្រភពបានទម្លាយថា ក្រុមអាជីវករ​តូចធំ ដែល​ដឹកជញ្ជូន​ទំនិញពីខេត្តផ្សេងៗ ជាពិសេសចេញពីខេត្តកំពង់ស្ពឺ ដឹកខ្សាច់ ថ្ម ដែក ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុក​ទំនិញលើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់ របស់​ប្រធានក្រុមមន្ត្រី​ប្រចាំ​ការស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្តតាមបណ្ដោយផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល មិនអាចរំលងបានឡើយ។​

ប្រភពបាន​បន្ថែមទៀតថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ ឬ​កសិផល​ផ្សេងៗ​ ចេញពី​ទីក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​បណ្ដាខេត្ត​នានា ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ និង​បក្សពួក​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តនោះឡើយ។​

​ប្រភព​ពបានបន្តឲ្យដឹងទៀតថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្រុក​អង្គស្នួល គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​អាចមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់ប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជូន និងមន្ត្រីធំៗ ខាងលើ​ផងដែរ​។​

​ជា​ការពិតអាជីវករនិងពួកឈ្មួញ​ មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​វ៉េ​អង​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំងនោះ គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ខ្នាច​ធំ​ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូច​ផ្លូវខូច​ស្ពានឡើយ។​

ប្រភពពីប្រជាពលរដ្ឋក្នុងស្រុក​អង្គស្នួល ខេត្ត កណ្តាល បានឲ្យដឹងទៀតថា ពេល​រថយន្ត​ធំៗ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីងថ្លឹងរថយន្ត គេតែងសង្កេតឃើញ​ព្រូ​រឡានឬ​តៃកុងរត់​ឆ្លងផ្លូវយ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីងថ្លឹងរថយន្ត តាម​ការកំណត់​ដោយ​មិន​អាច​តវ៉ា​បាន​​ឡើយ។​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ម្នាក់​ហ៊ាន​តវ៉ា​ប្រាកដជា​ត្រូវ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​អង្គស្នួល ខេត្ត​កណ្តាល រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះឡើង​ ​តាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជាមិនខាន់ឡើយ។​

​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ​ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​ នៅតែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ ៤ យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូច​ផ្លូវខូច​ស្ពាន ជា​បន្តបន្ទាប់។​ បញ្ហា​ននេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ និង​ លោក សេង ឈួន ប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ។

ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល នៅឡើយទេរហូតដល់ម៉ោងផ្សាយដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕SRP