អាជ្ញាធរអះអាងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរកើនឡើង ៥០.៩១%
ខេត្តសៀមរាប៖លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថាក្នុងឆមាសទី១ ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២ ៨៩៣ ០០៨នាក់ កើនឡើង ៥០.៩១% បើប្រៀបធៀបនឹងឆ្នាំ២០២៤ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២ ៣២៥ ៣៣៥នាក់ កើនឡើង ៦៦.៦៨% ប្រៀបធៀបនឹងឆ្នាំ២០២៤ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥៦៧ ៦៧៣នាក់ កើនឡើង ៨.៧៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ ចំនួន ៥២១,៩៥០ នាក់។
ដោយឡែក វិស័យកសិកម្មបងប្អូនប្រជាកសិករ បានធ្វើស្រែបានសរុបចំនួន ១៥៥ ៨៤៥ហ.ត ស្មើនឹង ៨២,០២%នៃផែនការ និងដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរយៈពេលខ្លី បានដាំដុះបានសរុបចំនួន ២០ ២៨០ហិកតា ស្មើនឹង៦៤,៩៦% នៃផែនការផងដែរ។
លោកអះអាងបែបនេះនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ពិភាក្សាការងារជាមួយលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខេត្តសៀមរាប។
ដេីម្បីអំពីស្ថានភាពទេសចរណ៍ខេត្តសៀមរាប និងការសហការភាពជាដៃគូរឱ្យកាន់តែប្រសើរលើវិស័យកសិកម្ម និងវិស័យ ពាណិជ្ជកម្ម។
លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខេត្តសៀមរាប បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ង៉ូវ សេង កាក់ អភិបាលរងខេត្ត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងភាពមមាញឹក ដេីម្បីជួបពិភាក្សាការងារអំពីស្ថានភាពទេសចរណ៍ខេត្តសៀមរាប កសិកម្ម និងវិស័យពាណិជ្ជកម្មនាពរលនេះ។
លោក អភិបាលរងខេត្តសៀមរាបក៏បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះលោក ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខេត្តសៀមរាបដែលបានចូលជួបសម្តែងការគួរសមនាពេលនេះ។
លោកអភិបាលរងខេត្តសៀមរាបក៏បានសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរថែមទៀត៕SRP

