អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានអញ្ជើញចុះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងថវិការមួយចំនួនជូនពលរដ្ឋដែលមានជំងឺ ចំនួន១គ្រួសារ នៅគេហដ្ឋានដែលពុំអាចទៅទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដោយផ្ទាល់បាន។
ការចុះប្រគល់ផ្ទាល់នេះនៅព្រឹកមិញ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹក។ នៅក្នុងពិធី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវថែរក្សាដីធ្លីដែលជាទ្រព្យរបស់ខ្លួនដើម្បីទុកចែកតកូនតចៅ កុំលក់ដូរឱ្យសោះ ខណៈមនុស្សចេះតែបន្តកើតរាល់ថ្ងៃ ប៉ុន្តែដីធ្លីមិនកើតទៀតនោះទេ។
ឯកឧត្តម សុខ លូ ណែនាំអាជ្ញាធរ ស្រុក ឃុំត្រូវទប់ស្កាត់ការសាងសង់សំណង់មិនរៀបរយ ថែរក្សាដីចំណីផ្លូវកុំឱ្យមានការរំលោភបំពាន និងបើកផ្លូវឱ្យបានធំទូលាយដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាន ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ការពារខ្លួនពីជំងឺកូវីដ១៩ និងចូលរួមក្នុងយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើម ដោយបន្តដាំដើមឈើដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំជនឱ្យបានស្អាត។
ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ ក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦ សូមអញ្ជើញទៅធ្វើជីវមាត្រ និងបងប្អូនប្រជាពលរដ្ឋជាយុវជនគ្រប់អាយុ១៨ឆ្នាំ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានឃុំ សង្កាត់របស់ខ្លួនខណៈការធ្វើជីវមាត្រ និងចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
ពិធីនេះធ្វើឡើង ភូមិស្ពានទំនាប និងភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹក។ពិធីនេះធ្វើឡើងនៅសាលាឃុំបួរ ដោយមានការចូលរួមពីរឯកឧត្តម គិត ច័ន្ទគ្រឹះស្នា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ឯកឧត្តម គិត ច័ន្ទគ្រឹះស្នា ថ្លែងឱ្យដឹងថាខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្ដានុពលធំធេងលើវិស័យកសិកម្ម ទេសចរណ៍ និងជាប៉ូលសេដ្ឋកិច្ចទី៤នៅកម្ពុជា។ ឯកឧត្តម ស្នើដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវយកចិត្តទុកដាក់រៀបចំភូមិឋានឱ្យបានស្អាតល្អ ខិតខំប្រកបមុខរបររកស៊ី និងដាំដំណាំផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ៕SRP