បញ្ជូននគរបាលមួយរូបទៅកាន់តុលាការ ករណីបើកបររថយន្តមានជាតិស្រាបុកមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់និងស្រាល០៥នាក់

ភ្នំពេញ៖អ្នកបើករថយន្តដែលជាមន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

ការសម្រេចបញ្ជូនខ្លួននេះតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង ត្រង់ចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក LEXUS RX400H បុករះ ម៉ូតូកង់បីចំនួន ០៣គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង។

ជនបង្កមានឈ្មោះ ហ៊ុន ហេង ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើករថយន្ត
ម៉ាក LEXUS RX400H ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AO.2188 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម បើកបរក្នុងទិសដៅ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុករះពីក្រោយយានយន្តជាច្រើនគ្រឿងដែលធ្វើដំណើរស្របទិសគ្នា។

ហេតុការណ៍នេះបង្កឲ្យមានមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់០២នាក់ និងរងរបួសស្រាល០៣ស្រាល។

តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញហេតុការណ៍នេះ មូលហេតុគ្រោះថ្នាក់បណ្ដាលមកពី អ្នកបើកបររថយន្ត LEXUS RX400H បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល៕SRP