ខេត្តសៀមរាប៖ផ្នែកគ្រប់គ្រងអចលនទ្រព្យបុរីទេសចរណ៍ បានចេញលិខិតព្រមាននឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ប្រសិនបើមានករណីកាប់ បំផ្លាញដើមឈើណាមួយកើតមានឡើង នៅក្នុងបុរីទេសចរណ៍។
ការព្រមានធ្វើឡើងតាមសេចក្តីជូនដំណឹងស្តីពី ដើមឈើដែលជាទ្រព្យសម្បត្តិសាធារណៈរបស់បុរី ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២៥។
ផ្នែកគ្រប់គ្រងអចលនទ្រព្យបុរីទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក/លោកស្រី ដែលជាម្ចាស់គេហដ្ឋានទាំងអស់ឱ្យបានជ្រាបថា៖ ដោយសង្កេតឃើញថាកន្លងមកមានករណីកាប់ និងគ្រៀវដើមឈើដែលជាទ្រព្យសាធារណៈ របស់បុរីធ្វើឱ្យមានការប៉ះ ពាល់ដល់សោភ័ណភាព និងបរិស្ថាននៅក្នុងបុរី។ ដើមឈើត្រូវបានដាំឡើងដើម្បីបង្កើតភាពបៃតង ស្រស់ ជាម្លប់តាមដងផ្លូវសាធារណៈ ជួយកាត់បន្ថយកម្ដៅថ្ងៃ បង្កើតបរិយាកាសល្អ និងជាពិសេសវាបាន បញ្ចេញនូវអុកស៊ីសែន និងស្រូបយកឧស្ម័នដែលជាសារធាតុពុល។
ដើម្បីចូលរួមថែរក្សាបរិស្ថានធម្មជាតិនៅក្នុងសហគមន៍បុរីទេសចរណ៍ ផ្នែកគ្រប់គ្រងអចលនទ្រព្យបុរីទេសចរណ៍យើងខ្ញុំមិនឱ្យមានការកាប់បំផ្លាញដើមឈើដែលជាទ្រព្យសម្បត្តិសាធារណៈរបស់បុរីជាដាច់ខាត។ ប្រសិនបើមានករណីកាប់ បំផ្លាញដើមឈើណាមួយកើតមានឡើង ផ្នែកគ្រប់គ្រងអចលនទ្រព្យបុរី ទេសចរណ៍យើងខ្ញុំ នឹងចាត់ វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។
ផ្នែកគ្រប់គ្រងអចលនទ្រព្យបុរីទេសចរណ៍យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំចំពោះ ឯកឧត្តម លោក ជំទាវ លោក/លោកស្រី ដែលជាម្ចាស់គេហដ្ឋានទាំងអស់ ដែលរស់នៅក្នុងសហគមន៍បុរីទេសចរណ៍ ជា ប្រជាពលរដ្ឋប្រកប ដោយសេចក្តីថ្លៃថ្នូរ និងមានកិត្តយស សូមចូលរួមសហការថែរក្សារការពារដើមឈើ សាធារណៈនៅក្នុងបុរីទាំងអស់គ្នា។
អាស្រ័យដូចបានជម្រាបជូនខាងលើសូម ឯកឧត្តម លោកជំទាវ លោក/លោកស្រី មេត្តា ជ្រាបជាព័ត៌មាន និង ចូលរួមសហការជាមួយយើងខ្ញុំដោយក្ដីអនុគ្រោះ៕SRP