ខេត្តសៀមរាប៖លោកគុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានមានប្រសាសន៍បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ នយោបាយណាមួយឡើយ។
លោក គុជ លីណា មានប្រសាសន៍យ៉ាងដូច្នេះនៅបរិវេណវត្តក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង នៅថ្ងៃពុធនេះ ក្នុងឱកាសបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យលកន្ត្រាក់ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ចំនួន ១៣០ គ្រួសារ (ក្នុងនោះ រលំចំនួន ១ខ្នង និងប៉ះពាល់ធ្ងន់ចំនួន ១២៧ខ្នង និងជនរងគ្រោះដោយរន្ទះ ២នាក់)។
លោកបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ ជូនបងប្អូន នាពេលនេះ និងសម្រាប់ស្រុកភូមិសាស្ត្រផ្សេងៗជាបន្តបន្ទាប់ដែរ។
ក្នុងឱកាសនេះដែរលោកបានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ លោក បន្តថាដ្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មម នឹងការខូចខាតរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាក របស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
លោកក៏បានអំពាវនាវ សូមបងប្អូនមានការ ប្រុងប្រយ័ត្ន ចំពោះផ្គូរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងកើតមានឡើងក្នុងរដូវនេះ។ ម្យ៉ាងវិញទៀតសុខភាពជារឿងសំខាន់ណាស់ ទាំងសុខភាពផ្ទាល់ខ្លូន ក៏ដូចជាកូនចៅផង បើឃើញសភាពមិនស្រួលត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះបំផុត ដើម្បីឆាប់បានពិគ្រោះ និងព្យាបាលបានទាន់ពេលវេលា។ លើសពីនេះអនុប្រធានអចិន្ត្រៃយ៍ បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ ទាំងអស់ថា រាល់ពេលធ្វើដំណើរលើដងផ្លូវសូមគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនយើង ក្រុមគ្រួសារយើង និងអ្នកដទៃផងដែរ។
អំណោយមនុស្សធម៌ បានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖
– គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១៦សន្លឹក និងថវិកា១៥ម៉ឺនរៀល ។
– គ្រួសារប៉ះពាល់ធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា៥ម៉ឺនរៀល។
– ជនរងរបួស៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម និងថវិកា២០ម៉ឺនរៀល។
សូមជម្រាបថាករណីករណីខ្យល់កន្ត្រាក់កើតឡើងកាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៥៕SRP