ផឹកចំស្រាកាច ចាប់បោចសក់ប្រពន្ធបោកក្បាលទៅលើបេតុងជាច្រើនដងបណ្ដាលឲ្យបែកជាច្រើនកន្លែងរហូតដល់ស្លាប់

បុរសម្នាក់ផឹកស្រាចំស្រាកាចចាប់ប្រពន្ធបោកបណ្ដាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍បានកើតឡើងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២០និង២០នាទី ស្ថិតនៅចំណុចខាងត្បូងផ្សារសំរោង ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនសង្ស័យឈ្មោះ អ៊ុក អួន ហៅ លី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ: កម្មករ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង។

ជនរងគ្រោះឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ: នារីខារ៉ាអូខេ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង (ត្រូវជាប្រពន្ធ)។

លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានចាត់បញ្ជាឲ្យកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ចុះដល់ទីតាំងកើតហេតុធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យខាងលើនាំមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

ក្នុងពេលសួរនាំជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទី រូបខ្លួនបានទៅផឹកស្រានៅផ្ទះជាមួយឈ្មោះ សំ ភេទប្រុស អាយុ ៤៥ឆ្នាំ និងឈ្មោះ ហាវ ភេទប្រុស អាយុ ៣៤ឆ្នាំ រហូតដល់ម៉ោងប្រហែល ១៧:១០នាទី រូបខ្លួនក៏បានទិញស្រាជាងកន្លះកេសទៅផឹកលេងបន្តនៅផ្ទះពួកម៉ាកឈ្មោះ ទុន សម្បត្តិឧត្តម ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ក្នុងពេលរូបខ្លួនកំពុងអង្គុយផឹកស្រាអស់ប្រហែលជា៣កំប៉ុង ស្រាប់តែប្រពន្ធរបស់ខ្លួនឈ្មោះ ចាន់ ស្រីរ័ត្ន បានខលទូរសព្ទប្រាប់ថាមកដឹកខ្លួនត្រឡប់ទៅផ្ទះវិញ មួយសន្ទុះក្រោយមក ប្រពន្ធរបស់ខ្លួនក៏បានមកដល់ហើយក៏កើតមានការឈ្លោះប្រកែកគ្នា ពេលនោះប្រពន្ធរបស់ខ្លួនបានជេរប្រមាថយ៉ាងច្រើនធ្វើឲ្យរូបខ្លួនខឹងយ៉ាងខ្លាំង ហើយក៏ផ្ទុះទៅចាប់បោចសក់ប្រពន្ធបោកក្បាលទៅលើបេតុងជាច្រើនដងបណ្ដាលឲ្យបែកក្បាលជាច្រើនកន្លែងហូរឈាមសន្លប់បាត់ទៅ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ក្រុងសំរោង កសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្ត៕SRP