ខេត្តសៀមរាប៖ក្នុងនាមតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត លោក នាក់ ណេរ៉ុន បានលើកឡើងថា គោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និង គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។
អភិបាលរងខេត្តបានបន្តទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ឆកោណដំណាក់កាលទី១ បានផ្តោតនូវឧត្តមគតិ និងអាទិភាព ក្នុងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ គ្រប់រូប ជាពិសេស ជនមានពិការភាព ដើមី្បឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យ ជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងមានចំណូលខ្ពស់ឆ្នាំ២០៥០។
លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃពុធព្រឹកមិញនេះ ក្នុងឱកាសចូលរួមវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តដេីម្បីបង្កលក្ខណ: ងាយស្រួល និងបរិយាបន្នដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប។
លោក អ៊ុន សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការ បានបញ្ជាក់ថាបច្ចុប្បន្នមានជនពិការ មិនត្រូវបានគេរើសអើង និងត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ប្រកបដោយសមភាព និងបរិយាបន្ន ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាព។
លោក អ៊ុន សម្បត្តិ បានបន្តទៀតថា ក្នុងពេលកន្លងមក នៅតាមបណ្តាខេត្តមួយចំនួន មានអភិបាលរងខេត្ត ជាប្រធានក្រុមប្រឹក្សាសកម្មភាព ជនពិការ បានបង្កលក្ខណៈងាយស្រួលលើការងារនេះ។ ដោយឡែកបញ្ហាជនពិការភាព ក្នុងពេលកន្លងទៅ រដ្ឋបាលខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត ព្រមទាំងមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធ និង អភិបាលក្រុង ស្រុក បានសម្រួលបងប្អូនពិការភាពរបស់យើង ដោយបានយកចិត្តទុកដាក់យ៉ាងខ្លាំង សំខាន់លើការសម្រុះសម្រួល បម្រើការងារនៅតាម រោងចក្រ ក្រុមហ៊ុន សហគ្រាស និង អង្គភាពផងដែរ។
លោកអគ្គលេខាធិការ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់រដ្ឋបាលខេត្តសៀមរាប លើការងារយកចិត្តទុកដាក់ ក្នុងការបម្រើដល់បងប្អូនជនពិការភាព ដែលបានមកធ្វើកាទំនាក់ទំនងការងារ នៅតាមមន្ទីរ អង្គភាព ដោយបានបង្កលក្ខណៈងាយស្រួល នូវផ្លូវជម្រៀលសម្រាប់បងប្អូនជនពិការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និង អគ្គលេខាធិការដ្ឋាន សមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និង អង្គការដៃគូរ ដែលបានយកចិត្តគិតគួរពីសុខទុក្ខរបស់បងប្អូនជនពិការ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកផងដែរ។
លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ក៏បានលើកពីគោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើមី្បសិក្សាស្វែងយល់ អំពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរួបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការភាព ជូនដល់សមាជិកសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដើមី្បយកទៅអនុវត្តក្នុងស្ថាប័នខ្លួន និងជម្រុញការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ក្នុងការបញ្ជ្រាបការងារជនពិការភាព ក្នុងផែនការសកម្មភាពតាមមន្ទីរ និងវិស័យរៀងៗខ្លួន។
សូមជម្រាបថា បើកវគ្គវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណ: ងាយស្រួលសម្រាប់ជនពិការភាព និងបរិយាបន្នពិការភាពដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ធ្វើនៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពលោក អ៊ុន សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ដោយមានការចូលរួមពីអស់លោក លោកស្រីជាក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងទាំងបី និង អស់លោកលោកស្រី ជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និង អង្គការដៃគូរចូលរួមប្រមាណ ៨០នាក់៕SRP