ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបនិងរៀបចំកម្មវិធីដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណ:គំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១២ ខែមីនាខាងមុខនេះ។
កិច្ចប្រជុំត្រៀមរៀបចំ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម តោ គឹមស៊ាន និង លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានេះ គឺដើម្បីត្រៀមរៀបចំអបអរសាទរ និងលើកទឹកចិត្តដល់ កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ របស់អង្គភាពជ័យលាភីទាំង៣ ប្រចាំឆ្នាំ២០២៤ របស់ខេត្តសៀមរាប ក៏ដូចជាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីការប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។ សម្រាប់ក្បួននឹងដង្ហែចេញពីសាលាខេត្ដសៀមរាប ជាមួយការរៀបចំខ្លឹមសារសារសំឡេង និងអបដោយពាក្យស្លោកដ៏មានអត្ថន័យផ្សេងៗគ្នាផងដែរ។
សូមជម្រាបថា ជ័យលាភីទាំង៣ ដែលនឹងរៀបចំពិធីដង្ហែនេះរួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស និង ពានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ៧ ទូទាំងប្រទេស គឺវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និងសាលាមត្តេយ្យសិក្សាធនធានអង្គរ។
ការវាយតម្លៃនេះ គឺដើម្បីពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យគោលទាំង៨ សម្រាប់ការវាយតម្លៃ និងការទទួលស្គាល់បេក្ខភាពផ្តល់សេវសាធារណៈគំរូ រួមមាន៖១.ស្តង់ដាសេវាសាធារណៈ, ២.ស្តង់ដានិយាមនៃការផ្ដល់សេវាសាធារណៈសម្រាប់អង្គភាព, ៣.ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងអង្គភាព, ៤.ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព, ៥.ការរៀបចំ និងកែលម្អបរិស្ថានក្នុងអង្គភាព, ៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ, ៧.ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ អាជ្ញាធរ និងសហគមន៍ និង៨.ការផ្តួចផ្តើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការល្អប្រសើរ៕SRP