ខេត្តសៀមរាប៖ក្នុងនាមឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក យុន លីនណេ អភិបាលរងខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែលបានបន្តគម្រោងទីក្រុងឆ្លាតវៃដល់ខេត្តសៀមរាបជំហាន២ មានរយៈពេល ៣ឆ្នាំ ដែលនឹងចាប់ផ្តើមពីខែសីហា ឆ្នាំ២០២៥ រហូតដល់ខែឧសភា ឆ្នាំ២០២៨។ ទន្ទឹមនឹងនេះ លោក អភិបាលរងខេត្តក៏បានថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេស Jica ខេត្តសៀមរាប ដែលបានជួយសម្របសម្រួល គាំទ្របច្ចេកទេស និងរៀបចំឱ្យទីក្រុងឆ្លាតវៃជំហាន១ បានជោគជ័យតាមការគ្រោងទុក។
លលោកអភិបាលរងខេត្តបានបន្តថា រដ្ឋបាលខេត្តសៀមរាបសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារបច្ចេកទេស Jica នឹងបន្តសហការក្នុងការសម្របសម្រួលរៀបចំ និងគាំទ្រគម្រោងទីក្រុងឆ្លាតវៃជំហាន២នេះឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។
លោកអភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធិចុះហត្ថលេខាលើកំណត់ហេតុនៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ជំហាន២
បន្ទាប់ពីភាគីទាំងពីបានប្រជុំពិភាក្សាគ្នាជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលសម្រាប់កែសម្រួល និងរៀបចំផែនការសម្រាប់អនុវត្តគម្រោងទីក្រុងឆ្លាតវៃសៀមរាប ជំហាន២រូចមក។
សូមជម្រាបថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តបានរៀបចំពិធីហត្ថលេខាលើកំណត់ហេតុ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២ រវាងរដ្ឋបាលខេត្តដឹកនាំដោយលោក យុន លីនណេ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ជាមួយភាគីជប៉ុន ចៃការ (Jica) ដឹកនាំដោយលោក អាបេ ម៉ាសានូរិ(ABE Masanori) ប្រធានក្រុមការងារអភិវឌ្ឍន៍ទីក្រុង និងតំបន់ នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃភ្នាក់ងារចៃការ (Jica)៕SRP