អភិបាលខេត្តសៀមរាប ថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលតែងតែយកចិត្តទុកដាក់ ក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជានិងខេត្តសៀមរាប

អភិបាលខេត្តសៀមរាប ថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលតែងតែយកចិត្តទុកដាក់ ក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជានិងខេត្តសៀមរាប

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងនាមរដ្ឋបាលខេត្ត​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជា និងខេត្តសៀមរាបរហូតមកដែលសកម្មភាពទាំងអស់នោះ ពិតជាបានរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។​

ស្របគ្នានេះ​ ឯកឧត្តមប្រាក់ សោភ័ណ ក៏បានបង្ហាញពីឆន្ទៈមុតមាំ ក្នុងការផ្ដល់នូវកិច្ចសហការសម្របសម្រួលលើសំណើបន្ទាន់ចាំបាច់ណាមួយ ដែលភាគីជប៉ុន ស្នើមកកាន់រដ្ឋបាលខេត្តផងដែរ។

ឯកឧត្តមអភិបាលខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងគម្រោងជាច្រើនដែលរាជរដ្ឋាភិបាលជប៉ុនបានជួយមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជួយគាំទ្រដល់ជីវភាពរស់នៅ និងការអភិវឌ្ឍក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះផងដែរ ឯកអគ្គរាជទូត ក៏បានស្នើដល់ថ្នាក់ដឹកនាំខេត្ត ជួយបន្តគាំទ្រដល់ទំនាក់ទំនង និងពង្រឹងកិច្ចសហការរួមគ្នា ដើម្បីការអភិវឌ្ឍជាបន្តបន្ទាប់បន្ថែមទៀតផងដែរ៕SRP