អភិបាលខេត្តបាត់ដំបង ណែនាំដល់អភិបាលក្រុង ស្រុក ឃុំ សង្កាត់ដែលពាក់ព័ន្ធ ត្រូវរៀបចំដាំដើមឈើតាមសងខាងផ្លូវ ដើម្បីលម្អ និងលើកកម្ពស់សោភ័ណភាព

អភិបាលខេត្តបាត់ដំបង ណែនាំដល់អភិបាលក្រុង ស្រុក ឃុំ សង្កាត់ដែលពាក់ព័ន្ធ ត្រូវរៀបចំដាំដើមឈើតាមសងខាងផ្លូវ ដើម្បីលម្អ និងលើកកម្ពស់សោភ័ណភាព

ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ណែនាំដល់លោក អភិបាលក្រុង ស្រុក ឃុំ សង្កាត់ដែលពាក់ព័ន្ធ ត្រូវរៀបចំដាំដើមឈើតាមសងខាងផ្លូវ ដើម្បីលម្អ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវនេះ។

ឯកឧត្តម ក៏បានបន្តណែនាំដល់លោកមេឃុំ និងអ្នកពាក់ព័ន្ធផ្សេងទៀតរឹតបន្តឹងលើការគ្រប់គ្រងចំណីផ្លូវ ទប់ស្កាត់ការរំលោភដីចំណីផ្លូវ ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ។

អភិបាលខេត្តបានបន្តស្នើដល់បងប្អូនប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងចៀសឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន មិនត្រូវដុត ជញ្រ្ជាំង សំរាមប្លាស្ទិក កាកសំណល់ផ្សេងៗត្រូវបញ្ឈប់ទាំងអស់ និងយកចិត្តទុកដាក់ថែរក្សាសុខភាព។

ឯកឧត្តម សុខ លូ ក៏បានផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមទប់ស្កាត់ ក៏ដូចជាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប ដោយបើកបរបង្កើនការប្រុងប្រយ័ត្ន រក្សាសណ្តាប់ធ្នាប់ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសអញ្ជើញបើកការដ្ឋានជួសជុលកំណាត់ផ្លូវខេត្តលេខ១៥៧១ ក្រាលកៅស៊ូDBST ប្រវែង៤ ០០០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង និងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នៅនៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

គួរបញ្ជាក់ផងដែរថា ការងារជួសជុលកំណាត់ផ្លូវខេត្តលេខ ១៥៧១ ដោយធ្វើកាសម្អាតរុក្ខជាតិនៅសងខាងផ្លូវ ជីកបកដីគ្មានគុណភាពលើតួថ្នល់ពង្រីកសងខាងប្រវែង ៤ ០០០ម៉ែត្រ និងត្រង់កំណាត់តួថ្នល់ចាស់ចំនួន ២កន្លែង ប្រវែង ១ ៥០០ម៉ែត្រ។ បន្ទាប់មកធ្វើការងារស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន៦កន្លែង និងពង្រីកលូប្រអប់កាត់ទទឹងផ្លូវចំនួន១កន្លែង និងរៀបចំដាំបង្គោលនាំផ្លូវ ផ្លាកសញ្ញាចរាចរណ៍ និងគូសគំនូសចរាចរណ៍៕SRP