ខេត្តបាត់ដំបង៖មានការលើកឡើងថាលោក យូ ហេង មេសាខាគយខេត្តបាត់ដំបង កាន់តំណែងដុះស្លែ ធ្វើឲ្យមហាជនដាក់ការសង្ស័យថា ប្រមូលលុយពីទំនិញគេចពន្ធ និងទំនិញខូចគុណភាពតាមច្រករបៀង និងច្រកព្រំដែនអន្តរជាតិមនៅក្នុងខេត្តបាត់ដំបង។ នេះបើតាមបណ្ដាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយ។
ប្រភពបន្តថា មេគយប្រចាំខេត្តបាត់ដំបង លោក យូ ហេង ល្បីកាន់តែខ្លាំងរឿងប្រមូលលុយតាមរបៀបពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះឡើយ ហើយលោក យូ ហេង បណ្ដោយឲ្យមេៗ គយតាមច្រកព្រំដែនក្នុងស្រុកកំរៀង, ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ធ្វើអ្វីៗតាមអំពើចិត្តនោះគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រភពបន្ថែមថា ឈ្មួញធំៗ ដែលរកស៊ីនាំចូលទំនិញពីប្រទេសថៃ តាមច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកសំឡូត សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក យូ ហេង។ ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបង បង់ពន្ធមិនដល់៥០ភាគរយផងទេ។ ក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍ជាមួយមន្រ្តីគយពុករលួយដែលមានលោក យូ ហេង ជាបង្អែក។
គួរកត់សម្គាល់ផងដែរថា បញ្ហាទំនិញគេចពន្ធគឺជារឿងដ៏សំខាន់មួយ ប៉ុន្តែបញ្ហាទំនិញខូចគុណភាព ដែលត្រូវនាំចូលតាមបណ្ដាច្រកព្រំដែនខ្មែរ-ថៃ ក្នុងខេត្តបាត់ដំបង គឺជារឿងមួយដែលក្រុមមន្ត្រីគយ មិនបានបង្ក្រាបឬចូលរួមសហការបង្ក្រាបនោះទេ។ ដោយសំអាងថា មិនមែនជាតួនាទីរបស់ខ្លួន ប៉ុន្តែមន្ត្រីគយទាំងនេះតែងតែយកលុយពីឈ្មួញដឹកទំនិញខូចគុណភាពពីប្រទេសថៃ មកមិនអាក់ខានទេ។
ជុំវិញករណីទំនិញគុណភាព និងទំនិញខូចគុណភាព នាំចូលតាមច្រកព្រំដែននៃខេត្តបាត់ដំបង ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពី
លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បាននៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕SRP