ភ្នំពេញ៖យ៉ាងហោចណាស់មនុស្សចំនួន២ នាក់បានស្លាប់និង ៥ នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍ អគ្គីភ័យឆេះក្លឹបកម្សាន្តមួយកន្លែងយីហោ « មីតណាយក្លឹប »។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរស្តុបឬស្សីផ្អែម ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភព័ត៌មានឱ្យដឹងថា នៅមុនកើតហេតុ មានជាងមួយក្រុមបានធ្វើការផ្សារដែកនៅក្នុងក្លឹបខាងលើ ខណៈក្រុមបុគ្គលិកមួយចំនួនកំពុងសម្រាកនៅក្នុងទីតាំង ។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លិចចេញជាអណ្តាតភ្លើងឆាបឆេះឡើងមកលាយលំជាមួយផ្សែងខ្មួរខ្មាញ់យ៉ាងសន្ធោរសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តងទៅ។
ភ្លាមៗ បន្ទាប់ពីកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គិភ័យមកពីតាមអង្គភាពពាក់ព័ន្ធជាច្រើន បានចុះធ្វើការអន្តរាគមន៍បាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង។ ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ ការឆាបឆេះត្រូវគ្រប់គ្រងបានប្រសើរឡើងវិញ ក្នុងរយៈពេលជាង១ម៉ោង។
បើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ មានមនុស្ស០៤នាក់ហើយបានស្លាប់នៅហ្នឹងកន្លែង និង០៥នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ជុំវិញហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ពុំទាន់មានប្រភពព័ត៌មានបញ្ជាក់ពីមូលហេតុ ដែលនាំឱ្យកើតជាការឆាបឆេះនៅឡើយនោះទេ ក៏ពុំទាន់មានការបញ្ជាក់ថា អាចនឹងមានមនុស្សជាប់គាំងបន្ថែមនៅខាងក្នុងទីតាំង ឬអាចប៉ះពាល់ដល់អាយុជីវិតប៉ុន្មាននាក់នៅឡើយដែរ ខណៈកម្លាំងសមត្ថ កិច្ចជំនាញ កំពុងបន្តប្រតិបត្តិការបាញ់ទឹកពន្លត់បន្ថែម និងប្រើយុទ្ធវិធីដើម្បីចូលទៅខាងក្នុងទីតាំងដែលមានការឆាបឆេះនោះ៕SRP

