អភិបាលខេត្តបាត់ដំបង ប្រាប់មន្ត្រីពាក់ព័ន្ធឱ្យបង្ក្រាបគ្រឿងញៀន ហើយកុំពាក់ព័ន្ធជាមួយគ្រឿងញៀន

ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបងបានប្រាប់មន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់បង្ក្រាបគ្រឿងញៀននិងកុំពាក់ព័ន្ធជាមួយគ្រឿងញៀន។

លោកសុខ លូ មានប្រសាសន៍ផ្តាំផ្ញើថា បញ្ហាគ្រឿងញៀន ជាបញ្ហាប្រឈមមួយ ក្នុងសង្គម និងជារឿងចាំបាច់ត្រូវតែយកចិត្តទុកដាក់ ក្នុងការដោះស្រាយ ហើយរឿងនេះ អាចលុបបំបាត់បាន និងទប់ស្កាត់បានលុះត្រាតែ មានការចូលរួមពីសំណាក់យើងទាំងអស់គ្នា មិនត្រូវឃុបឃិត នឹងបទល្មើសគ្រឿងញៀន ជាដាច់ខាត ហើយត្រូវមានស្មារតីភ្ញាក់រលឹកទាំងអស់គ្នាបង្កើនការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ និងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយបំផុត។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាធិបតី ពិធីផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀនដល់អាជ្ញធរ សមត្ថកិច្ច ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២៥។

នៅសាលប្រជុំសាលាខេត្តបាត់ដំបង សុខ លូ មានមតិបើកពិធីផ្សព្វផ្សាយចំណេះដឹងជា មូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន ដល់អាជ្ញធរ សមត្ថកិច្ច ក្នុងខេត្ត ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដែលការផ្សព្វផ្សាយនេះមានសារ:សំខាន់ណាស់ ក៏ដូចជាការរំលឹកដល់សមត្ថកិច្ច ពាក់ព័ន្ធ ទាំងអស់ ដែលជាចំណេះដឹង មូលដ្ឋានគ្រិះ បង្កើនស្មារតី ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងខិតខំអនុវត្ត ទប់ស្កាត់ ករណីគ្រឿងញៀន បារីអេឡិចត្រូនិចផ្សេងៗ ត្រូវបង្កើនការផ្សព្វផ្សាយ ឱ្យបានដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងទូលំទូលាយជាពិសេសនៅតាមសាលារៀន ទីសាធារណៈ ប្រជុំជនជាដើម ត្រូវធ្វើការបង្រ្កាបឲ្យអស់នៅតាមមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវ ដើម្បីខេត្តយើង និងដើម្បីប្រទេសជាតិមានសុខសុវត្តិភាព។

លោក ធូ ភា អភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានឡើងធ្វើបទបង្ហាញក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ចំណេះដឹង ជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន ដល់អាជ្ញធរ សមត្ថកិច្ច កងកម្លាំងទាំងបី ក្នុងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ធូ ភា បានលើកពីបញ្ហាប្រឈម នៃការ ជួញដូរគ្រឿង ចែកចាយ គ្រឿងញៀន តាមគ្រប់រូបភាព ដែលធ្វើឲ្យ កងកម្លាំង អាជ្ញាធរ បង្រ្កាបបានជាបន្តបន្ទាប់ និងជួបការលំបាកផ្សេងៗ ក្នុងការបង្រ្កាបបទល្មើស ព្រោះជនល្មើសទាំងនោះឈានដល់ការជួញដូរគ្រឿងញៀន តាមរយ:ប្រព័ន្ធអនឡានជាដើម៕SRP