អាជ្ញាធរខេត្តសៀមរាប ជួយសង្គ្រោះស្រូវប្រាំងជាង ១០០០ហិកតា នៅសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប

ខេត្តសៀមរាប៖ស្រូវប្រាំងរបស់ប្រជាកសិករជាង ១០០០ ហិកតា ក្នុងសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្ដ ធ្វើការចុះទៅបើកទឹកស្ទឹងសៀមរាប ដើម្បីជួយសង្គ្រោះ។

ការជួយសង្គ្រោះនេះ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តាមការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប ដែលបានជំរុញឱ្យអាជ្ញាធរជំនាញ សម្របសម្រួល ជាមួយក្រុមហ៊ុនស្ថាបនាដងស្ទឹងសៀមរាប បើកទឹកជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ។

តាមការរាយការណ៍ពីប្រជាកសិករថា ស្រូវស្រែប្រាំងរបស់ពួកគាត់នាឆ្នាំនេះ ប្រឈមនឹងស្វិតស្រពោន ហើយអាចបាត់បង់ទិន្នផលបើសិនជាគ្មានទឹកគ្រប់គ្រាន់។ ពួកគាត់ថា ការកង្វះទឹកធ្វើស្រែឆ្នាំនេះ ដោយសារស្ថានភាពទឹកទន្លេតិច ហើយទឹកស្ទឹងសៀមរាប ដែលជាប្រភពទឹកហូរធ្លាក់ចូលស្រែជារៀងរាល់ឆ្នាំក៏មានការខ្វះខាត ខណៈដែលស្ទឹងសៀមរាប កំពុងកែលម្អផង។ ប៉ុន្ដែមកដល់ថ្ងៃនេះ អាជ្ញាធរខេត្ដ និងមន្ទីរអង្គភាពពាក់ព័ន្ធ បានបើកទឹកស្ទឹងសៀមរាប បូមដាក់ស្រែទៅតាមតម្រូវការជាបណ្ដើរៗហើយ។ ជាមួយគ្នានេះ ប្រជាកសិករក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្ដ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលផ្ដល់ទឹកជួយសង្គ្រោះស្រូវរបស់គាត់បានចំពេល និងទាន់ពេលវេលា ដែលនេះបង្ហាញពីការយកចិត្ដទុកដាក់ដល់សុខទុក្ខរបស់ប្រជាកសិករពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាថ្នាក់។

ក្នុងពេលចុះជួយសង្គ្រោះ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ អំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងការ ជួយសង្គ្រោះ ដំណាំស្រូវ របស់ពលរដ្ឋឱ្យអស់ពីលទ្ធភាព។ តែទោះយ៉ាងនេះក្តី ក្នុងនាមអាជ្ញាធរខេត្ត លោកក៏បានទទូចសុំដល់ពលរដ្ឋកុំធ្វើស្រែប្រាំងជាលើកទី២ ព្រោះស្ថានភាពទឹកមិនអំណោយផលនោះទេសម្រាប់ឆ្នាំនេះ៕SRP