ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាបបានសម្រេចចេញដីកា បង្គាប់ឲ្យចាប់ខ្លួនពីបទ ( គំរាមកំហែងហែកកេរ្តិ៍ ) នៅលើបណ្តាញសង្គមហ្វេសប៊ុក។
សាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថាបានឃើញ យោបល់របស់ព្រះរាជអាជ្ញា៖ ឯកភាពលើដីកាបង្គាប់ឲ្យចាប់ខ្លួន។
–ឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Vi Da ។ (គេចខ្លួន)
ត្រូវបានចោទប្រកាន់ពីបទៈ ( គំរាមកំហែងហែកកេរ្តិ៍ ) ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាល ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ និងអំឡុងខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។
យល់ឃើញថា ជនត្រូវចោទត្រូវបានចោទប្រកាន់ពីបទមជ្ឈិម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។
យល់ឃើញថា តាមពាក្យបណ្ដឹង ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសបុករបស់គាត់ឈ្មោះ Vi Da ឆាតមកគម្រាម ខ្ញុំបាទថា “មិចហើយបងលុយបំណុលដែលប្រពន្ធបងជំពាក់ខ្ញុំនឹងដោះស្រាយសងអោយខ្ញុំ និងមិនសងទេ? បើមិនដោះ គេចវេសមិនសងអោយខ្ញុំដឹងមួយមាត់ ស្រួលខ្ញុំដាក់ពាក្យបណ្ដឹង ហើយអោយសារ ពត៌មាន រកដំណោះស្រាយតាមយុត្តិធម៌អោយខ្ញុំ” និងបន្តផ្ញើសារទៀតថា ខ្ញុំមានទាំងសំលេងនិយាយទូរស័ព្ទ ប្រពន្ធ បងវាខ្ចីលុយខ្ញុំបង្គ្រប់ឲ្យប្តីឡើងផ្កាយ១ទៀតបង បើបងនឹងប្រពន្ធបងមិនព្រមដោះស្រាយរឿងលុយអោយខ្ញុំ ទេ ខ្ញុំដាក់ពាក្យបណ្ដឹងហើយ ផ្ញើសំលេងអោយអ្នកសារពត៌មានជួយចុះផ្សាយ ពីរឿងប្រពន្ធលោកផ្កាយ១ ខេត្ត បន្ទាយមានជ័យខ្ចីលុយគេអោយប្តីឡើងផ្កាយហើយគេចវេសមិនសង មិនចេញមុខដោះស្រាយគឺអាច និងល្បីខ្លាំង ណាបងៗ។
យល់ឃើញថា ដើម្បីធានាដល់ការស៊ើបសួរស្វែងរកការពិត គប្បីសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជន ត្រូវចោទរូបនេះយកមកកាន់តុលាការសាម៉ី។
ហេតុដូច្នេះសម្រេច
១ .បង្គាប់ទៅភ្នាក់ងារមានសមត្ថកិច្ចឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណ ដូចបានរៀហាប់ខាងលើនេះ មកប្រគល់ជូនតុលាការសាម៉ីចាត់ការតាមច្បាប់។
២.ក្នុងករណី មានកាលៈទេសៈ ដែលមិនអាចនាំជនត្រូវចោទ មកជូនតុលាការ សាម៉ីទាន់ពេលវេលា បង្គាប់ ឲ្យប្រធានមន្ទីរឃុំឃាំងខេត្ត-រាជធានី ទទួល និងឃុំខ្លួនឈ្មោះខាងលើ តាមដីកាបង្គាប់ឲ្យចាប់ខ្លួននេះ។ បុគ្គលដែលបានឃុំខ្លួននេះ ត្រូវនាំមកបង្ហាញខ្លួន ដល់ចៅក្រមស៊ើបសួរ ក្នុងរយៈពេលយ៉ាងខ្លីបំផុត។
នេះបើតាមដីកា របស់សាលាដំបូងខេត្តសៀមរាប ទីភ្នាក់ងារសារព័ត៌មាន សៀមរាបប៉ុស្តិ៍ ទទួលបាន។
ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោកស្រី ចិន ស្រីដា ដើម្បីអត្ថាធិប្បាយបំភ្លឺបាននៅឡើយទេរហូតដល់ថ្ងៃសុក្រទី១៧ ខែមករា ឆ្នាំ២០២៥នេះ៕SRP