លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីឱ្យមានបណ្ណកម្មសិទ្ធិស្របច្បាប់គ្រប់ៗគ្នា ហើយការចុះបញ្ជីដីធ្លីនេះ គឺចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។ ជាមួយគ្នានេះដែរលោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដីទាំងអស់ ត្រូវចូលរួមសហការ ជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីឱ្យបានលឿន។
លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃសុក្រនេះ ក្នុងឱកាសប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៥ភូមិ ក្នុងស្រុកពួក ស្ថិតក្នុងឃុំយាង ស្រុកពួក មានភូមិសួនសា ភូមិចុងថ្នល់ ភូមិយាង ភូមិសុខសាន្ត និងភូមិកញ្ចន់គុយ។
លោក ប៊ូ ជាសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប មានប្រសាសន៍ថា ការផ្សព្វផ្សាយជាសាធារណៈនូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន៖ការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះកំណត់ព្រំដី វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដីហើយធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដី ហើយផ្តល់សិទ្ធិចំពោះតែក្បាលដីណាដែលមិនមានទំនាស់ ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ។
លោកអនុប្រធានមន្ទីរ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីត្រូវចូលរួមបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំហើយត្រូវត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំវាស់វែង វិនិច្ឆ័យ ឈានចូលមកដល់ គឺដើម្បីឱ្យមន្រ្តីចុះបញ្ជីធ្វើបាននូវភាពសុក្រឹត ត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងទាំងលក្ខណៈច្បាប់។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលទាំងអស់ និងអាជ្ញាធរមូលដ្ឋាន សូមជួយធ្វើការជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីដែលពុំបានចួលរួមឱ្យបានដឹង និងចូលរួមបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធមួយចំនួនឱ្យបានគ្រប់ៗគ្នា៕SRP