ខេត្តសៀមរាប៖បុរសម្នាក់ជាបុគ្គលិកធ្វើការ នៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ។
ហេតុការណ៍បានកើតឡើង វេលាម៉ោងជាង៩យប់ ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ នៅលើផ្លូវផ្ទះក្រហម ត្រង់ចំណុចមុខឈាងខាងលិចបាឡុងអង្គរ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តី បានរាយការណ៍ថា ជនរងគ្រោះជិះម៉ូតូ Honda ADV 160cc ពណ៌ស៊ីម៉ង់ ពាក់ផ្លាកលេខ សៀមរាប 1AS-4898 សង្ស័យបើកបរក្នុងល្បឿនលឿន ដួលហើយបុកផ្ទប់ជាមួយដើមឈើបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។
សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះ មានឈ្មោះ ពុទ្ធ ចិត្រា មានមុខរបរជាបុគ្គលិកនៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ មាននៅបច្ចុប្បន្ន ភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខេត្តសៀមរាបមិនទាន់បញ្ជាក់លម្អិតអំពីមូលហេតុចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះនៅឡើយទេ៕SRP