ខេត្តតាកែវ៖លោកវ៉ី សំណាង អភិបាលខេត្តតាកែវ បានឲ្យដឹងថាករណីមរណភាពរបស់ស្ត្រីឈ្មោះ ណាំ ចន្ទ ភេទស្រី អាយុ ៤១ឆ្នាំ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
អភិបាលខេត្តបន្តថាបន្ទាប់ពីទទួលបានព័ត៌មាន ករណីមរណភាព ស្ត្រីឈ្មោះ ណាំ ចន្ទ ដែលរស់នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ រដ្ឋបាលខេត្ត និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ បានចាត់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និង រដ្ឋបាលស្រុកបាទី ដើម្បីចាត់តាំងមន្ត្រីជំនាញ និង មន្ត្រីពាក់ព័ន្ធដើម្បីចុះ ពិនិត្យស្រាវជ្រាវ និង បានចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។
ពាក់ព័ន្ធករណីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ដោយ មិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពជាបន្តឡើយ។ ទន្ទឹមនេះ សមត្ថកិច្ចជំនាញក៏បានឃាត់ខ្លួនម្ចាស់គ្លីនិកទាំងពីរ នាក់ប្តី ប្រពន្ធ ដើម្បីយកមកសួរនាំ និង អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តតាកែវ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្កោលទោស ចំពោះទង្វើដ៏អមនុស្ស ធម៌ ដោយមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាគ្រូពេទ្យ ជាពិសេសច្បាប់ និងលិខិតបទដ្ឋាននានា នៃព្រះរាជាណា ចក្រកម្ពុជា។ ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលបានចូលរួមឈឺឆ្អាល ចំពោះអំពើដ៏អមនុស្សធម៌នេះ ក្នុងការពង្រឹងនិងការពារសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។
ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំខេត្ត និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និង សោកស្តាយជាទីបំផុតជាមួយគ្រួសារនៃសព ឃ្លាតឡើយនិងសូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភពកុំបីឃ្លៀង។
សូមជម្រាបថាសមត្ថកិច្ចបានចាប់ខ្លួន
ម្ចាស់មន្ទីរសម្រាប់ព្យាបាលនិងសម្ភព ដែលមានទីតាំង នៅចំណុចមន្ទីរសម្រាកព្យាបាល និងសម្ភព សុង ហាក់ម៉ារីណា ស្ថិតនៅភូមិបឹងបញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី។
ការចាប់ខ្លួននេះធ្វើឡើងពាក់ព័ន្ធករណី
នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទមនុស្សឃាតដោយអចេតនា។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ៦និង៤៥នាទីល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីមនុស្សឃាតដោយអចេតនា (ចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្លាប់) នៅចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព ស្ថិតនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទីខេត្តតាកែវ។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរង គ្រោះឈ្មោះ ណាំ ចន្ធូ ភេទស្រីអាយុ៤១ឆ្នាំ ជាមួយនឹងក្មួយស្រី ឈ្មោះណូន សៀវហ្វាន អាយុ៣ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានប្រាប់ក្រុមគ្រួសារថា ទៅរកពេទ្យដើម្បីឲ្យចាក់ ថ្នាំព្យាបាលជំងឺរបស់ខ្លួន។ តាំងពីចេញពីផ្ទះរហូត ដល់យប់ជ្រៅមិនឃើញ សមាជិកក្រុមគ្រួសារមកវិញ ដោយបាត់ជនរងគ្រោះ ចេញទៅចាក់ថ្នាំមិនឃើញត្រឡប់មកផ្ទះវិញយូរពេក ក្រុមគ្រួសារ មានការភិតភ័យក៏បាននាំគ្នាចេញទៅដើររកជនរងគ្រោះ រហូតដល់ម៉ោង២យប់រំលងអធ្រាត ឈានចូល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបប្រទះឃើញ ម៉ូតូរបស់ជនរងគ្រោះ នៅក្នុងព្រៃខាងត្បូងភូមិ ឃ្លាតពីផ្ទះពេទ្យ ប្រហែល៣០០ម៉ែត្រ តែមិនឃើញជនរងគ្រោះឡើយ។
ប្រភពបានរាយការណ៍ថា លុះព្រឹកឡើងម៉ោង៥ និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបប្រជាពលរដ្ឋ ប្រទះឃើញសាកសពជន រងគ្រោះ និងក្មេងស្រីអង្គុយក្បែរសាកសព នៅចំណុចគុម្ភសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលព័ត៌មានកម្លាំងកងរាជអាវុធហត្ថស្រុកបាទី និងកម្លាំងនគរបាលស្រុក បានចុះដល់ទីតាំងកើតហេតុ ហើយកម្លាំងជំនាញកោសល្យវិច័យ និងពេទ្យបានធ្វើកោសល្យវិច័យទៅលើសាកសព រួចរាល់បញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារប្រតិកម្មនិងការចាក់ថ្នាំ ហើយសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ជនសង្ស័យ ទី១-ឈ្មោះហៀង សុងហាក់ ភេទប្រុសអាយុ៣៧ ឆ្នាំមុខរបរពេទ្យ និងទី២-ឈ្មោះស៊ុន ម៉ារីណា ភេទស្រីអាយុ៣៩ឆ្នាំមុខរបរពេទ្យ ធ្វើការនៅមន្ទីរពេទ្យបង្អែកស្រុកបាទី មានទីលំនៅភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី៕SRP