ខេត្តតាកែវ៖នៅទីបំផុតសមត្ថកិច្ចបានចាប់ខ្លួនម្ចាស់មន្ទីរសម្រាប់ព្យាបាលនិងសម្ភព ដែលមានទីតាំង នៅចំណុចមន្ទីរសម្រាកព្យាបាល និងសម្ភព សុង ហាក់ម៉ារីណា ស្ថិតនៅភូមិបឹងបញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី។
ការចាប់ខ្លួននេះធ្វើឡើងពាក់ព័ន្ធករណីនៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទមនុស្សឃាតដោយអចេតនា។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ៦និង៤៥នាទីល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីមនុស្សឃាតដោយអចេតនា (ចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្លាប់) នៅចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព ស្ថិតនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទីខេត្តតាកែវ។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរង គ្រោះឈ្មោះ ណាំ ចន្ធូ ភេទស្រីអាយុ៤១ឆ្នាំ ជាមួយនឹងក្មួយស្រី ឈ្មោះណូន សៀវហ្វាន អាយុ៣ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានប្រាប់ក្រុមគ្រួសារថា ទៅរកពេទ្យដើម្បីឲ្យចាក់ ថ្នាំព្យាបាលជំងឺរបស់ខ្លួន។ តាំងពីចេញពីផ្ទះរហូត ដល់យប់ជ្រៅមិនឃើញ សមាជិកក្រុមគ្រួសារមកវិញ ដោយបាត់ជនរងគ្រោះ ចេញទៅចាក់ថ្នាំមិនឃើញត្រឡប់មកផ្ទះវិញយូរពេក ក្រុមគ្រួសារ មានការភិតភ័យក៏បាននាំគ្នាចេញទៅដើររកជនរងគ្រោះ រហូតដល់ម៉ោង២យប់រំលងអធ្រាត ឈានចូល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបប្រទះឃើញ ម៉ូតូរបស់ជនរងគ្រោះ នៅក្នុងព្រៃខាងត្បូងភូមិ ឃ្លាតពីផ្ទះពេទ្យ ប្រហែល៣០០ម៉ែត្រ តែមិនឃើញជនរងគ្រោះឡើយ។
ប្រភពបានរាយការណ៍ថា លុះព្រឹកឡើងម៉ោង៥ និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបប្រជាពលរដ្ឋ ប្រទះឃើញសាកសពជន រងគ្រោះ និងក្មេងស្រីអង្គុយក្បែរសាកសព នៅចំណុចគុម្ភសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលព័ត៌មានកម្លាំងកងរាជអាវុធហត្ថស្រុកបាទី និងកម្លាំងនគរបាលស្រុក បានចុះដល់ទីតាំងកើតហេតុ ហើយកម្លាំងជំនាញកោសល្យវិច័យ និងពេទ្យបានធ្វើកោសល្យវិច័យទៅលើសាកសព រួចរាល់បញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារប្រតិកម្មនិងការចាក់ថ្នាំ ហើយសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
បើតាមសមត្ថកិច្ច បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ម៉ារីណា ពីរនាក់ប្ដីប្រពន្ធចាត់ការទៅតាមនីតិវិធី។
ជនសង្ស័យ ទី១-ឈ្មោះហៀង សុងហាក់ ភេទប្រុសអាយុ៣៧ ឆ្នាំមុខរបរពេទ្យ និងទី២-ឈ្មោះស៊ុន ម៉ារីណា ភេទស្រីអាយុ៣៩ឆ្នាំមុខរបរពេទ្យ ធ្វើការនៅមន្ទីរពេទ្យបង្អែកស្រុកបាទី មានទីលំនៅភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី៕SRP
អធិការនគរបាលស្រុកបាទី លោក ឆាយ កែវមុនី ដែលបានប្រាប់អ្នកសារព័ត៌មានថា ដើមចមដំបូងឈ្មោះ ណាំ ចន្ធូ បានចូលពិគ្រោះជំងឺ នៅគ្លីនិក ស៊ុន ម៉ារីណា ត្រង់ចំណុចខាងលើ ក្នុងនោះគ្រូពេទ្យ ក៏បានពិនិត្យវិនិច្ឆ័យរោគ រួចចាក់ថ្នាំស្រាប់តែអ្នកជំងឺឈ្មោះ ណាំ ចន្ធូ ប្រតិកម្មធ្វើទុក្ខខ្លាំង រហូតដាច់ខ្យល់ស្លាប់តែម្ដង។ ឃើញបែបនេះ ម្ចាស់គ្លីនិក ហាក់ភ័យស្លន់ស្លោ និងបានយកម៉ូតូរបស់ជនរងគ្រោះ ទៅផ្លុងចោល ដោយថែមទាំងដឹកសាកសពរងគ្រោះ រួមនិងក្មេងស្រីរបស់ជនរងគ្រោះ មកផ្លុងចោល ត្រង់ចំណុចខាងលើទៀតផង។ មិនតែប៉ុណ្ណោះ ក្មេងស្រីរងគ្រោះ ហាក់បាត់បង់ស្មារតី សង្ស័យត្រូវថ្នាំសណ្ដំឱ្យវង្វេង.ទាំងដែលរូបនាង ត្រូវគេផ្លុងចោល ឱ្យដេកជាមួយសាកសពម្ដាយធំរយៈពេល១យប់៕SRP