លទ្ធផលមិនគោរព(ភ្លើងក្រហម) បើករថយន្តក្នុងល្បឿនលឿន បណ្ដាលឲ្យបុករះ

ខេត្តសៀមរាប៖សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកបានឃាត់ខ្លួនអ្នកបើកបររថយន្ត lexus 1 គ្រឿង បន្ទាប់ពីរបង្កហេតុបើកបុកម៉ូតូចំនួន 3 គ្រឿងបណ្ដាលឲ្យស្លាប់និងរបួស។ ជនបង្កមានឈ្មោះ មឿន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។

តាមសមត្ថកិច្ចខេត្តសៀមរាបបានប្រាប់ ទីភ្នាក់ងារ សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃសុក្រនេះថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្ត និងម៉ូតូ៣គ្រឿង។

រថយន្តមួយគ្រឿងម៉ាក Lexus Rx300 ពណ៌ស ផ្លាកលេខ 2B-3400 សៀមរាប បើកបរដោយ ឈ្មោះ មឿន បញ្ញាបើកបរមានទិសដៅពីជើងទៅត្បូង បុកម៉ូតូ មួយគ្រឿងម៉ាក Honda Zoomer X ពណ៌ស ក្រហម ពាក់ផ្លាក់លេខសៀមរាប1AB-1484 អ្នកបើកបរឈ្មោះក្រា ស្រីណូ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិប្រាសាទចា ឃុំដូនកែវ ស្រុកពួក បើកបរមានទិសដៅពីកើត ទៅលិច បន្ទាប់មករថយន្ត បានរ៉េចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាពណ៌ស្លែ ពាក់ផ្លាក់លេខសៀមរាប1AQ-2508 អ្នកបើកបរឈ្មោះ ហុង ហេង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប និងមានអ្នករួមដំណើរ ម្នាក់ឈ្មោះ មាន ផានិត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅ ភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប បើកបរមានទិសដៅពីលិចទៅកើត និងបុកម៉ូតូម៉ាក ហុងដាពណ៌ខ្មៅ ពាក់ផ្លាក់លេខសៀមរាប 1Q-7366 ម្ចាស់ឈ្មោះច្រុច ស៊ីណុច ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថា នៅក្នុងហេតុការណ៍នេះ
បណ្តាលអោយ ស្លាប់មនុស្ស ម្នាក់ ឈ្មោះ ហុង ហេង អ្នកបើកបរម៉ូតូ ពាក់ផ្លាកលេខសៀមរាប 1AQ-2508 និងអ្នករួមដំណើរអ្នកទៀតុំឈ្មោះ មាន ផានិត (បាក់ភ្លៅខាងឆ្វេង បាក់កដៃខាងស្តាំ និងបែកចង្កា កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត បានស្លាប់នៅមន្ទីរពេទ្យ។

ចំណែកអ្នករបួស មនុស្សមធ្យម ឈ្មោះច្រុច ស៊ីណុច កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត អ្នកបើកបរម៉ូតូសៀមរាប 1Q-7366 (របួសចង្កា ផ្ពាល់ និងជង្គង់ខាងស្តាំ)។ របួសស្រាលឈ្មោះក្រា ស្រីណូ រលាតស្មងជើងខាងស្តាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

ករណីនេះ ខូចខាតម៉ូតូធ្ងន់០២ គ្រឿងស្រាល០១គ្រឿង និងរថយន្តស្រាល ០១គ្រឿង។ សាកសពត្រូវបានប្រគល់ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

បើតាមសមត្ថកិច្ច មូលហេតុ: រថយន្តបើកបរក្នុងល្បឿនលឿន និងមិនគោរពភ្លើងសញ្ញាចរាចរណ៍ (ភ្លើងក្រហម)។ វត្ថុតាងរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

កម្លាំងជំនាញកំពុងស្រាវជ្រាវ និង កសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប។

សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២៣និង៥០នាទី នៅត្រង់ចំណុចស្តុបព្រះរាជដំណាក់ ស្ថិតនៅ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប លើផ្លូវ រុក្ខវិថីព្រះសីហនុ៕SRP