ខេត្តសៀមរាប៖លោកណេប សាមុត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៏ទេសចរណ៏សៀមរាប-អង្គរ (គ.អ.ទ.ស) នៃទីស្តីការគណៈរដ្ឋមន្រ្តីបានជម្រាបជូនអង្គសិក្ខាសាលាថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាឱកាសនៃពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ថា «នៅឆ្នាំ២០២៥ពេញ១ឆ្នាំ ទាំងរដូវកាលភ្ញៀវតិច (Low season) និងរដូវកាលភ្ញៀវច្រើន (HighSeason) ត្រូវរៀបចំផែនការធ្វើយ៉ាងណា ដើម្បីផ្គុំកម្លាំងទាញឱ្យបានច្រើន ហើយដាក់ទិសដៅខេត្តសៀមរាប ទាញភ្ញៀវមកសៀមរាប គឺទាញមកស្រុកខ្មែរទាំងមូល នេះជាអ្វីដែលយើងត្រូវធ្វើនិងដាក់ទិសដៅជាក់ស្តែងតែម្តង» និងស្របតាមការប្រគល់ភារកិច្ចរបស់សម្ដេចមហាបវរធិបតី ជូនលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធាន គ.អ.ទ.ស. ក្នុងរៀបចំវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ឱ្យបានឆាប់។
គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានរៀបចំនូវឯកសារសំខាន់ៗចំនួន២៖ ទី១. សេចក្តីព្រាងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពី «ការដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥» និងទី២. «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨»។
លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងសិក្ខាសាលាបច្ចេកទេសស្ដីពីការរៀបចំ «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥» និង «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨» នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤។
សូមជម្រាបថា សិក្ខាសាលានេះ មានគោលបំណងពិគ្រោះយោបល់កម្រិតជំនាញជាមួយតំណាងក្រសួង ស្ថាប័ន អាជ្ញាធរ រដ្ឋបាលខេត្ត វិស័យឯកជន និងសហគមន៍មូលដ្ឋានដោយផ្តោតសំខាន់លើការដាក់ចេញវិធានការ និងសកម្មភាពអាទិភាព សំដៅស្ដារវិស័យទេសចរណ៍ខេត្តសៀមរាប និងកាត់បន្ថយគម្លាតរដូវកាលទេសចរណ៍នៅខេត្តសៀមរាប៕SRP

