ខេត្តប៉ៃលិន៖យ៉ាងហោចណាស់មនុស្សចំនួន៧នាក់ត្រូវបានចាប់ខ្លួន ករណីមនុស្សស្លាប់ ដោយការធ្វើទារុណកម្ម ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៥៖០០នាទីព្រឹក។
ការចាប់ខ្លួននៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។
ជនសង្ស័យរួមមាន៖ *ទី១៖ ឈ្មោះ LI YU ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន
*ទី២៖ ឈ្មោះ លូ ហ្វុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន
*ទី៣៖ ឈ្មោះ LIU HUA BING ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន (ទាំង៣នាក់ឃាត់នៅត្រង់ចំណុចភូមិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់)
*ទី៤៖ ឈ្មោះ GUO YUNFEI ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន
*ទី៥៖ ឈ្មោះ ZHANG YUESEN ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិន
*ទី៦៖ ឈ្មោះ ជា រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ
*ទី៧៖ ឈ្មោះ ហួន រតន: ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (ទាំង៤នាក់ឃាត់ត្រង់ចំណុចឃុំស្ទឹងកាច ស្រុកសាលាក្រៅ ខេត្តប៉ៃលិន)។
មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ZHOU CHUNHUA ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិចិន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តប៉ៃលិន ដើម្បីបន្តនីតិវិធី ខណៈបក្ខពួកម្នាក់ទៀតកំពុងស្រាវជ្រាវតាមចាប់បន្ដ។
មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជាក់បន្ថែមថា ករណីនេះ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ភរិយា របស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងលោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោក វរសេនីយ៍ឯក ឆាន គីលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ពោធិ៍សាត់ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងអង្គភាពជំនាញពាក់ព័ន្ធចុះស្រាវជ្រាវ និងប្រមូលព័ត៌មាន ដោយកំណត់បានអត្តសញ្ញាណក្រុមជនសង្ស័យខាងលើ៕SRP

