ក្រុមបេន ដេវីស បានធ្វើកំណត់ហេតុ ជុំវិញការចោទប្រកាន់ចូលផ្ទះពលរដ្ឋប្រើអំពើហិង្សា

ខេត្តព្រះវិហារ៖បេន អ្នកការពារព្រៃឈើនៅខេត្តព្រះវិហារ នាំបក្សពួកមួយក្រុមចូលផ្ទះពលរដ្ឋ  ផ្ទុះអាវុធជាច្រើនគ្រាប់និងវាយដំពលរដ្ឋ ម្នាក់ជាជនពិការ ហើយចាប់ដាក់ឡាន។

ជុំវិញការចោទប្រកាន់បែបនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ ក្រុមបេន ដេវីស បានធ្វើកំណត់ហេតុបំភ្លឺមានស្នាមមេដៃ ដោយអះអាងថា ករណីនាំឲ្យដែលកើតឡើង ដោយសារ ឈ្មោះ កោះ សៀម កាន់កាំបិតយារសំដៅរត់មកកាន់លោក ប៉ាល់ ឆោម ខណៈ លោក ប៉ាល់ ឆោម និងឈ្មោះ សុខ ឡូ ទៅល្បាតត្រង់ចំណុចស្ទឹងបាក់មែក ស្ថិតនៅខាងលិចឈៀងខាងត្បូងភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានទូរស័ព្ទខលមកកាន់ បេន ដេវីស ដើម្បីសុំអោយលោក បេន មកជួយអន្តរាគមន៍និងធ្វើការសួរនាំទៅកាន់លោក កោះ សៀម ដើម្បីរកមូលហេតុថាតើ ហេតុអ្វីបានជាទាញកាំបិតមករកកាប់ក្រុមសហគមន៍ដោយគ្មានមូលហេតុបែបនេះ។

សុំជម្រាបថា ហេតុការណ៍នេះបានកើតឡើងនៅ ភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅម៉ោងប្រម៉ាណជាង១០ព្រឹក។

ករណីនេះត្រូវបានក្រុមគ្រួសារជាភរិយាជនរងគ្រោះបានប្ដឹងក្រុមបង្កខាងលើ នៅអធិការនគរបាលស្រុកសង្គមថ្មី នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ ដើម្បីឲ្យជួយរកយុត្តិធម៌ដល់ប្ដីរបស់ពួកគាត់។

ជនរងគ្រោះមានឈ្មោះ កោះ សៀម អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នេះបើតាមស្ត្រីឈ្មោះ វ៉ុន ដាលីន អាយុជាង៤៤ឆ្នាំ
ជាភរិយារបស់ជនរងគ្រោះ បានផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024៕SRP