ខេត្តសៀមរាប៖ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម មណ្ឌលសៀមរាប -ឧត្តរមានជ័យ បានមានប្រសាសន៍សំណូមពរតាមរយ: ប្រតិភូនៃមន្ទីរពាណិជ្ជកម្មនិងម្ចាស់ក្រុមហ៊ុនជាច្រើន នៅក្នុងខេត្តយូណានប្រទេសចិន ឱ្យជួយណែនាំវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនិងរកស៊ីនៅកម្ពុជា និងជួយជម្រុញណែនាំឲ្យប្រជាពលរដ្ឋចិន មកទស្សនាខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀតផងដែរ។
ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ មានប្រសាសន៍សំណូមពរយ៉ាងដូច្នេះ នៅព្រឹកថ្ងៃចន្ទនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយប្រតិភូពាណិជ្ជកម្ម និងក្រុមហ៊ុនជាច្រើនមកពីខេត្តយូណានប្រទេសចិន។
ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍ថា ការជួបភិភាក្សា ជាមួយប្រតិភូពាណិជ្ជ និងបណ្តាក្រុមហ៊ុនជាច្រើន មកពីខេត្តខេត្តយូណាន ប្រទេសចិននាពេលនេះ គឺក្នុងគោលបំណងពិភក្សាការងារពាណិជ្ជកម្ម និងផ្សព្ចផ្សាយផលិតផល ផ្សេងៗ ក្នុងការលក់ចេញទិញចូល របស់ក្រុមហ៊ុននៃភាគីទាំងពីរដោយកិច្ចភាក្សានេះ គឺផ្តោតជាសំខាន់លើការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរផងដែរ។
ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានមានប្រសាសន៍លើកទឹកចិត្ត ដល់ភាគីក្រុមហ៊ុន ក៏ដូចជាធុរជនទាំងអស់ធ្វើការទំនាក់ទំនង និងសិក្សាលើគម្រោង ជាមួយក្រសួង -ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយប្រសិទ្ធភាព។ ដោយឡែក សភាពាណិជ្ជកម្មខេត្តមណ្ឌលសៀមរាប-ឧត្តរមានជ័យ និងមន្ទីរពាណិជ្ជកម្មខេត្ត រីករាយក្នុងការសហការ និងជួយសម្របសម្រួល ជូនដល់វិនិយោគិនទាំងអស់ ក្នុងក្របខណ្ឌពាណិជ្ជកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបានកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។
ទន្ទឹមនឹងនេះដែរ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញ នៃច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្ត សម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគ ប្រកបដោយ ភាពអនុគ្រោះ និងភាពបត់បែន។
សូមជម្រាបផងដែរថា នៅព្រឹកមិញនេះ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ និង លោក មាស សឿម អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ព្រមទាំងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ បានទទួលជួបសម្តែងការគួសមនិងពិភាក្សាការងារពាណិជ្ជកម្ម ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រតិភូនៃមន្ទីរពាណិជ្ជកម្ម និងម្ចាស់ក្រុមហ៊ុនជាច្រើន នៅក្នុងខេត្តយូណានប្រទេសចិន ដែលដឹកនាំ ដោយ លោក Liu Jie អនុប្រធានមន្ទីរជម្រុញពាណិជ្ជកម្មអន្តរជាតិ នៃខេត្តយូណាន ប្រទេសចិននៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប៕SRP