អភិបាលខេត្តសៀមរាប បង្កើតក្រុមលេខាធិការដ្ឋាន ដើម្បីរៀបចំសណ្ដាប់ធ្នាប់

អភិបាលខេត្តសៀមរាប បង្កើតក្រុមលេខាធិការដ្ឋាន ដើម្បីរៀបចំសណ្ដាប់ធ្នាប់

ខេត្តសៀមរាប៖លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចេញសេចក្ដីសម្រេចបង្កើត ក្រុមលេខាធិការដ្ឋានសណ្ដាប់ធ្នាប់ ដែលជាសេនាធិការសំរាប់ចុះ រៀបចំ អនុវត្តគោលការណ៍ សណ្ដាប់ធ្នាប់។

តាមសេចក្ដីសម្រេចបានបង្ហាញថា៖ ១.ត្រូវរៀបចំសណ្ដាប់ធ្នាប់ នឹងរបៀបរៀបរយសាធារណៈ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប គឺត្រូវធ្វើយ៉ាងណា ឲ្យក្រុងសៀមរាបមានសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ដើម្បីធានាឲ្យបាននូវនិរន្តរភាពវិស័យទេសចរណ៍ មានគុណភាព និងភាពទាក់ទាញ នៅក្នុងតំបន់ ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ ស្របតាមគោលបំណងនៃ (ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ,យុទ្ធនាការសៀមរាបផ្ទះខ្ញុំ និងផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃនៃខេត្តសៀមរាប)។

២.រៀបចំការដាក់តាំងលក់ដូរដែលគ្មានសណ្ដាប់ធ្នាប់ អោយមានរបៀបរៀបរយតាមការចង្អុលបង្ហាញរបស់គណៈកម្មាធិកា ឬលេខាធិការដ្ឋានទៅលើទីតាំងមួយចំនួន។

៣.រៀបចំណែនាំម្ចាស់លំនៅដ្ឋាន ផ្សារឲ្យរៀបចំអនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់ឲ្យល្អប្រសើរ ណែនាំឲ្យចូលរួមសម្អាតបរិវេណ និងទីធ្លាមុខទីតាំងរបស់ខ្លួនជាប្រចាំ ករណីមិនអនុវត្តតាមការណែនាំក្រុមការងារអាចអនុវត្តវិធានរដ្ឋបាល។

៤.ការលក់ដូរនៅលើចំណីផ្លូវសាធារណៈត្រូវបានហាម លើកលែងទីតាំងមួយចំនួនដែលក្រុមការងារត្រួតពិនិត្យនឹងធ្វើការរៀបចំអនុញ្ញាតហើយត្រូវតែចុះឈ្មោះស្ដាប់ការណែនាំរបស់ក្រុមការងារ ងាយស្រួលក្រុមការងារធ្វើការគ្រប់គ្រង។

៥.ត្រូវរៀបចំចំណតសំរាប់យានយន្ដ និងម៉ូតូនៅតាមតំបន់មួយចំនួនចៀសវាងការចតគ្មានសណ្ដាប់ធ្នាប់ នៅតាមផ្សារ ឬកន្លែងកំសាន្តមួយចំនួន។

គណៈកម្មាធិការ និងលេខាធិការដ្ឋានសណ្ដាប់ធ្នាប់ក្រុងសៀមរាប សូមអំពាវនាវជូនប្រជាពលរដ្ឋ និងសាធារណជន ឲ្យមានការចូលរួមស្ដាប់ការណែនាំរបស់ក្រុមការងារ ដែលចុះទៅអនុវត្ត ដើម្បីឲ្យក្រុងសៀមរាបយើងទទួលបានសណ្ដាប់ធ្នាប់ល្អ របៀបរៀបរយសាធារណៈ បរិស្ថាន អនាម័យល្អ និងជាពិសេសឲ្យសាកសមជាខេត្តទេសចរណ៍បេតិកភណ្ឌ វប្បធ៌ម ប្រវត្តិសាស្រ្ត និងកាន់តែទាក់ទាញភ្ញៀវទេសចរ វិនិយោគិនឲ្យមកបណ្តាក់ទុន និងពន្យាពេលស្នាក់ក្នុងក្រុងសៀមរាប យើងដែលនាំមកនូវកំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ខេត្តសៀមរាបទាំងមូល៕SRP