ខេត្តសៀមរាប៖សាលាដំបូងខេត្តសៀមរាបបានសម្រេចចោទប្រកាន់ ទៅលើជនសង្ស័យ ជាក្មេងទំនើងចំនួន 10 នាក់ ករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ ប្រព្រឹត្តនៅចំណុចការ៉ាស់សាំងស៊ូគីម៉ិច។
សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី 2 ខែសីហាឆ្នាំ 2024 ម្សិលមិញ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងចំនួន ០៦នាក់ និងបក្ខពួក។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចាត់ការ លើសំណុំរឿងព្រហ្មទណ្ឌលេខ ១០៥៦ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ទាក់ទងនឹងក្រុមក្មេងទំនើង ចំនួន ២ក្រុម ដោយក្រុមទី១ មានគ្នាចំនួន ៣នាក់ និងក្រុមទី២ មានគ្នាចំនួន ៧នាក់ សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យសរុបចំនួន៦នាក់ និងបក្ខពួក៤នាក់ផ្សេងទៀត បានរត់គេចខ្លួន បានវាយគ្នាទៅវិញទៅមក មានគ្នាច្រើន បណ្តាលឱ្យរងរបួសចំនួន ២នាក់ បែកក្បាលដេរចំនួន ៥ផ្ទេរ និងបែកមាត់ចេញឈាម។
ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យចំនួន ៦នាក់ និងបក្ខពួក៤នាក់ទៀត ពីបទ ហិង្សាដោយ ចេតនាមានស្ថានទម្ងន់ (វាយគ្នាទៅវិញទៅមកមានគ្នាច្រើន) ប្រព្រឹត្តនៅចំណុចការ៉ាស់សាំងស៊ូគីម៉ិច (ស្តុបឡាបប៉េ) ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៦៤៤ អយង ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បញ្ជូន ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕SRP