សម្ដេចនាយករដ្ឋមន្ត្រីអធិបតីហ៊ុន ម៉ាណែត ទៅព្រឹកថ្ងៃចន្ទទី 22 ខែកក្កដា ឆ្នាំ 2014 នេះ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាយក្រដាសប្រាក់ដុល្លារ សភាពចាស់ ឬប្រឡាក់។
សំណេរលើបណ្ដាញទំនាក់ទំនងផ្លូវការ ប្រព័ន្ធតេឡេក្រាម សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅព្រឹកនេះ បានសរសេរថា៖
ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះ លោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធ នឹងការសម្រួលលក្ខ័ណ្ឌ សម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។
សម្ដេចអធិបតីបានបន្តថា៖ បញ្ហាលំបាកពាក់ព័ន្ធ នឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូរ របស់ ប្រជាពលរដ្ឋ នៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។
សម្ដេចហ៊ុន ម៉ាណែត បានបន្តថា៖ ខ្ញុំសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលប់បំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ ដែលទស្សនាខេត្តសៀមរាបផងដែរ។
ក្នុងសំណេររបស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក៏បញ្ជាក់ផងដែរថា៖ ខ្ញុំសូមឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជន ទាំងអស់ នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងបងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មី របស់ ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឲ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត៕SRP

