ភ្នំពេញ៖ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនករណីឃាតកម្ម។
អំពើឃាតកម្មនេះ បានកើតឡើងនៅពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២១៖២០នាទី មានករណីឃាតកម្មមួយកើតឡើងនៅត្រង់ចំណុច ផ្លូវលំ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ លី ជីវ័ន្ត ហៅ ពយ ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពស្ទុះយកកាំបិតចាក់សម្លាប់ជនរងគ្រោះឈ្មោះ ចាន់ ឆៃយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ក្រោយពីបានទាស់ពាក្យសម្តី និងប្រតាយប្រតប់ ក្នុងវូងផឹងស៊ី។
ការចាប់ខ្លួនធ្វើឡើង នៅត្រង់ចំណុច ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦៖១០នាទី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន សហការ ជាមួយនគរបាលខណ្ឌច្បារអំពៅ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
តាមការសាកសួរបឋម ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះប្រាកដមែន ក្រោយពីទាស់ពាក្យសម្តី និងប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ។ បច្ចុប្បន្ននាយកដ្ឋាន កំពុងអនុវត្តបន្ដតាមនីតិវិធី៕SRP

