នាយករដ្ឋមន្ត្រីខ្មែរ និងរដ្ឋមន្រ្តីការបរទេសថៃ បានសម្តែងនូវក្តីរីករាយ ចំពោះការរៀបចំបង្កើតស្ថានអគ្គកុងស៊ុល រវាងប្រទេសទាំងពីរ នៅខេត្តសៀមរាប

0

ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្ដេចអធិបតីហ៊ុន ម៉ាណែត និងឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ ក៏បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំបង្កើតស្ថានអគ្គកុងស៊ុល រវាងប្រទេសទាំងពីរ នៅខេត្តសៀមរាប និងនៅខេត្តសុងក្លា ដើម្បី សម្របសម្រួល ដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរផងដែរ។

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះ រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការលើកលែង ថ្លៃទិដ្ឋាការ ចេញ-ចូលសម្រាប់ពលករកម្ពុជា តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងប្រទេសទាំងពីរ ហើយតាមរយៈទំនាក់ទំនងដ៏ល្អ នេះ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យជាច្រើនត្រូវ បានពង្រឹង និងពង្រីក ជាបន្តបន្ទាប់ និងបន្ថែមទៀត។

សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ ក៏បានពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ទេសចរណ៍ សន្តិសុខថាមពល និងកិច្ចសហប្រតិបត្តិការ លើសកម្មភាពបោសសម្អាតមីន ជាដើម។

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះ នៅវិមានសន្តិភាព នាថ្ងៃព្រហស្បតិ៍នេះ ក្នុងឱកាស ជួបជាមួយ ឯកឧត្ដម Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាត ឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។​

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ​ បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស ឯកឧត្តមនឹងខិតខំពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក៏ដូចជាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបានត្រៀមជាស្រេច ក្នុងការបំពេញការងារ យ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ និងគណៈប្រតិភូ និងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានជ្រើសតាំងជារដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា នៅឆ្នាំក្រោយ គឺជាខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃ ក៏បានដំឡើងកម្រិត ទំនាក់ទំនង ទ្វេភាគីទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងផងដែរ៕SRP