គ្មានអ្វីឈ្នះការពិតនិងអំពើល្អគណបក្សប្រជាជនកម្ពុជា បានកំពុងធ្វើសម្រាប់ប្រទេសជាតិឡើយ

0

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា គ្មានអ្វីឈ្នះការពិត និងអំពើល្អដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងបន្តធ្វើចំពោះជាតិនិងប្រជាពលរដ្ឋខ្មែរឡើយ។

លោកបន្តថា សមិទ្ធផលដែលជាស្នាដៃ របស់រាជរដ្ឋាភិបាល មានច្រើនអនេក ដូច្នេះយើងត្រូវចេះបង្ហាញសមិទ្ធផលទាំងអស់នោះ ឱ្យប្រជាពលរដ្ឋ បានឃើញ និងបញ្ជ្រាបគោលនយោបាយជាតិ ឱ្យពួកគាត់បានយល់ដោយមិនបណ្តោយឱ្យព័ត៌មានប្រឌិត បំផ្លើសបំភ្លៃ និងមួលបង្កាច់មកបំផ្លាញស្នាដៃរបស់រាជរដ្ឋាភិបាលបានជាដាច់ខាត។

សម្រាប់លោក ប៉ែន បូណា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានលះបង់ធំធេងណាស់ និងធ្វើការងារធ្ងន់ពេកហើយសម្រាប់ប្រទេសជាតិ និងប្រជាជនទម្រាំកសាងប្រទេសបានដូចសព្វថ្ងៃ។ ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន ក៏មានអម្រែកយ៉ាងធ្ងន់នៅលើស្មាក្នុងការរែកពុនបន្តដើម្បី រក្សាសុខ សន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍ នាំប្រទេសឈានទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ដែលជាទិសដៅប្រកបដោយមហិច្ឆតា។ ដូច្នេះ យើងត្រូវនាំគ្នាជួយបន្ធូរបន្ថយបន្ទុករបស់ថ្នាក់ដឹកនាំ ជាពិសេសក្នុងការងារព័ត៌មាននិងនាំពាក្យ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល លោក ចូលរួមជាអធិបតីនិងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤៕SRP