ខេត្តសៀមរាប៖ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ រវាងរដ្ឋបាលខត្ត ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានបញ្ជាក់ផងដែរថា ឥណ្ឌូនេស៊ី-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាពនេះបានប្រែក្លាយទៅជាមិត្តភាពដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀត។
នៅសាលាខេត្តសៀមរាប ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថានឹងបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត បង្កើតព្រឹត្តិការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ផ្លាស់ប្តូរសិល្បៈរវាងប្រទេសទាំង២ និងជំរុញឱ្យមានសម្ព័ន្ធមេត្រីភាព (temple sister)រវាងខេត្តសៀមរាប និងឥណ្ឌូនេស៊ី បន្តជួយគាំទ្រ ផ្សព្វផ្សាយ លើវិស័យអប់រំ តាមរយះការផ្សព្វផ្សាយអាហាររូបករណ៍នានា និងជម្រុញឱ្យមានជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅប្រទេសឥណ្ឌូនេស៊ីផងដែរ។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
បានថ្លែងអំណរគុណដល់ ឯកឧត្តម បណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជានិងគណៈប្រតិភូ ដែលបានឆ្លៀតឱកាសអញ្ជើញជួបសំណេះសំណាល ពិភាក្សាការងារនាពេលនេះ។
អភិបាលខេត្តសៀមរាប ក៏សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល ប្រជាជនឥណ្ឌូនេស៊ី ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ព្រមទាំងបន្តការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ បន្តជួយគាំទ្រ ផ្សព្វផ្សាយ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានសក្តានុពលបន្ថែមទៀតផងដែរ៕SRP

