លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអះអាងថា រដ្ឋបាលខេត្តបានរៀបចំនូវកម្មវិធីកម្សាន្តសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្ត ចំនួន ១៥កន្លែង នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នេះ។
លោកបានបង្ហើបឲ្យដឹងផងដែរថា នៅក្រោយការបញ្ចប់បុណ្យទន្លេ នេះ ទៅ រដ្ឋបាលខេត្ត បន្តរៀបចំធ្វើសង្ក្រាន្តសៀមរាប ដើមី្បបង្កលក្ខណៈ ជូនដល់ភ្ញៀវជាតិ អន្តរជាតិ ចូលរួមសប្បាយរីករាយ នូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហើយក៏ជាចលករមួយក្នុងការទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ស្របតាមប្រសាសន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជម្រុញយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤។
លោកប្រាក់ សោ ភ័ណ អះអាងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និង ពិភាក្សាការងារ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ ក្នុងសាលប្រជុំសាលាខេត្តសៀមរាប នៅថ្ងៃពុធម្សិញមិញ អធិបតីភាព លោកសុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យ នេះ គឺជាឱកាសមួយដ៏សំខាន់សម្រាប់ កម្ពុជា ក្នុងការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ខេត្តសៀមរាប និង បណ្តាខេត្ត នៅតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និង មានការអញ្ជើញមកចូលរួមពីបវកញ្ញាពិភពលោក និង ភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្ន អត្រាកក់បន្ទប់ស្នាក់នៅស្ទើតែអស់ទៅហើយ។
រដ្ឋមន្រ្តីបានរំពឹងថា ព្រឹត្តិការណ៍បុណ្យទន្លេនេះ និង ក្លាយទៅព្រឹត្តិការណ៍ទូលាយមួយ ដែលមានការចូលរួមពីដៃគូរអន្តរជាតិ ព្រោះកម្ពុជាគឺជាប្រទេសអនុតំបន់ទន្លេមេគង្គ។ លោកបានជម្រុញឲ្យក្រុមការងារ គ្រប់ផ្នែកទាំងអស់ ត្រូវធ្វើការរៀចំឲ្យបានម៉តចត់ទាំងការងាររៀបចំសម្អាតបរិស្ថាន ស្ទឹងសៀមរាប ឲ្យស្អាត ការតុបតែងលម្អរ នៅតាមដងផ្លូវដោយមានការដាក់ប៉ាដាស្វាគមន៍ ដែលរចនារូបភាពទាក់ទាញ ដល់ភ្ញៀវ និង បន្ស៊ីទៅខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌។
រដ្ឋមន្ត្រីក៏បានស្នើឲ្យម្ចាស់អាជីវកម្ម ទាំងអស់ សូមគិតគូរលើដាក់តម្លៃកន្លែងស្នាក់នៅ តម្លៃម្ហូបអាហារ អនាម័យ សេវាកម្មផ្សេងៗឲ្យបានសមរម្យ កុំឡើងថ្លៃហួសហេតុ។ ម៉្យាងទៀត លើការផ្សព្វផ្សាយពាណិជ្ជកម្ម គឺត្រូវធ្វើបង្ហាញពីផលិតផល ក្នុងស្រុក ដើមី្បលើកកម្ពស់ផលិតផល របស់ប្រជាពលរដ្ឋ យើង និង មិនត្រូវធ្វើការបង្ហាញពីស្រាបៀរនោះឡើយ។
សូមជម្រាបថា ពិធីបុណ្យទន្លេ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង បំផុសចលនា មហាជនឲ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ខេត្តសៀមរាប នេះជាលើក ទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេលក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យទន្លេនេះ រៀបចំឡើង ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ” ដោយមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួច អបអរសាទរពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ហើយសាធារណជន អាចចូលរួមទស្សនា និង កម្សាន្តសប្បាយរីករាយចាប់ពីថ្ងៃទី១៥ ,១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ចាប់ពីចំណុចសួនច្បារ មាត់ស្ទឹង ព្រះរាជដំណាក់ ទៅដល់ផ្សារចាស់៕