ខេត្តកែប៖ ទិន្នផលអំបិលនៅខេត្តកែបឆ្នាំនេះ ពិតជាមានការកើនឡើងខ្ពស់ជាងឆ្នាំមុន ដោយគិតត្រឹមរយៈពេលជិត២ខែ ដើមឆ្នាំ២០២៤ អំបិលក្នុងឃ្លាំងប្រមូលបានជិត៤ពាន់តោន ដែលទិន្នផលនេះ មានកំណើនគុណនឹង១០០ដង បើធៀបជាមួយរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣កន្លងទៅ។
នេះបើតាមការបញ្ជាក់ពីសំណាក់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពេលដែលោកចុះពិនិត្យដំណើរការផលិតអំបិលនៅក្នុងកែប នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ។
ជាមួយនឹងទិន្នផលកំពុងកាក់កបដូចនេះ លោកអភិបាលខេត្ត បានណែនាំបន្ថែមដល់ អាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ ក្នុងខេត្ត ត្រូវបន្តអនុវត្តគោលនយោបាយ លើកទឹកចិត្ត និងជំរុញផលិតកម្មអំបិល អោយបានខ្លាំងជាងមុនបន្ថែមទៀត និងលើកទឹកចិត្តដល់ម្ចាស់ស្រែអំបិល អោយបន្តផលិតអំបិលអោយបានរៀងរាល់ឆ្នាំ ព្រោះនេះជាកេរដំណែលពីដូនតាបន្សល់ទុក ហើយផលិតផលអំបិលនេះ ជាទំនិញដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្រ្តផងដែរ។
តាមតួរលេខដែល មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ ខេត្តកែប បានបញ្ជាក់ថា បច្ចប្បន្ន ខេត្តកែប មានទីតាំងផលិតអំបិលចំនួន០៧ទីតាំង លើផ្ទៃដីផលិតជាក់ស្តែងសរុប ៣៣១ហិកតា (ផ្ទៃដីសរុបចំនួន៤៩៧ ហិកតា) ក្នុងនោះឃ្លាំងស្តុកអំបិលមានចំនួន ៤៤ឃ្លាំង ដែលបានផ្ដល់ការងារចំនួន១៩៣នាក់៕
