អភិបាលខេត្តត្បូងឃ្មុំ និងពលរដ្ឋប្រមាណ១០មុឺននាក់ ចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម 

អភិបាលខេត្តត្បូងឃ្មុំ និងពលរដ្ឋប្រមាណ១០មុឺននាក់ ចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម 

ខេត្តត្បូងឃ្មុំ៖លោកជាម ច័ន្ទសោភ័ណ អភិបាលត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ប្រមាណ១០ម៉ឺននាក់ បានចូលរួមចាប់ត្រី តាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម។ការចាប់ត្រីនេះនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែកុម្ភៈនេះ។នេះបើយោងតាមការឲ្យដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។

ពិធីចាប់ត្រីនេះ បានធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំ ទៅមួយឆ្នាំ ក្រោមការផ្តួចផ្តើមពីសំណាក់ លោកជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក្នុងគោលបំណង ដើម្បីរំលឹកប្រពៃណី នៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែល ដូនតាពីបុរាណត រៀងមក ក៏ដូចជាបង្កើនបរិយាកាស សប្បាយរីករាយ ជួបជុំជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។គូសបញ្ជាក់ថា ៖ ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកំសាន្ត ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ដូចជា ៖

-លេខ១ ទទួលបានថវិកាចំនួន ៥០០ ០០០រៀល

-លេខ២ ទទួលបានថវិកាចំនួន ៤០០ ០០០រៀល

-លេខ៣ ទទួលបានថវិកាចំនួន ៣០០ ០០០រៀល

-លេខ៤ ទទួលបានថវិកាចំនួន ២០០ ០០០រៀល

-លេខ៥ ទទួលបានថវិកាចំនួន ១០០ ០០០រៀល

-លេខ៦ ដល់លេខ១០ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០ ០០០រៀល ពីលោក ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ព្រមទាំងចែកជូននូវនំបញ្ចុក សម្លខ្មែរ និងត្រីស្រស់ ចំនួន៣០០គីឡូក្រាម ដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមនាកម្មវិធីនេះផងដែរ។សូមជម្រាបថា៖ តំបន់បឹងក្រម មានផ្ទៃដីប្រមាណ ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ដោយរៀងរាល់ឆ្នាំ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រី ក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រី ទុកសម្រាប់ពិធីចាប់ត្រី។ ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់ បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រកជាដើម៕