ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីស្ថិតនៅភូមិក្រសាំង ភូមិពពិស និងភូមិបឹង ក្នុងសង្កាត់ក្របីរៀល ទទួលបានវិញ្ញាបនបត្រសម្កាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធដីធ្លី )ពីអាជ្ញាធរខេត្តសៀមរាប។
ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធដីធ្លី) នៅថ្ងៃទី១២ ខែ កុម្ភ: ឆ្នាំ២០២៤ នេះ នៅបរិវេណវត្តព្រៃផ្តៅ ស្ថិតនៅភូមិក្រសាំង ក្រោមវត្តមានចូលតរួមពីសំណាក់លោកជំទាវ ទិត្យ ច័ន្ទការីន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោក សុខ ថុល អភិបាលរងខេត្តសៀមរាប។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ខេត្តសៀមរាប បានមានប្រសាសន៍ថា ការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធដីធ្លី) ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដីស្ថិតសង្កាត់ក្របីរៀល គឺមាន៖ ភូមិក្រសាំង មានក្បាលដីសរុប ១.០១៩ដែលក្នុងនោះក្បាលដីចំនួន៨០៩ អាចចេញប័ណ្ណកម្មសិទ្ធ ជូនបាន ភូមិពពិស មានក្បាលដី សរុប១.០១៣ ដែលក្នុងនោះក្បាលដី ចំនួន៨៦៥៩ អាចចេញប័ណ្ណកម្មសិទ្ធជូនបាននិងភូមិបឹងមានក្បាលដីសរុប១.៥៧១ ដែលក្នុងនោះក្បាលដីចំនួន១.៤០៧ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន។
លោក ហ៊ី សាយ បានបន្តទៀតថាចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធ ជូននៅពេលនេះ គឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធ នឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញប័ណ្ណ ជូនម្ចាស់ដីជាបន្តទៀត។
លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធដីធ្លី) ដល់ប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋ ឱ្យឆាប់ទទួលបាន វិញ្ញាបនបត្រ សម្គាល់ម្ចាស់ អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាព ស្មុគស្មាញជូនប្រជាពលរដ្ឋឡើយ។
ក្នុងនាមអាជ្ញាធរខេត្ត លោកសូមថ្លែងអំណរគុណចំពោះ បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមទាំងកំលាំងកាយចិត្តយ៉ាងមមាញឹក នៅក្នុងដំណើរការចុះបញ្ជីដីធ្លី ហើយឈានដល់ដំណាក់កាលចេញនិងចែកប័ណ្ណនាថ្ងៃនេះ។
លោកបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជាឯកសារគតិយុត្តមួយ ដែលគ្មានអាជ្ញាយុកាល និងមានតំលៃ សំរាប់រដ្ឋ ក៏ដូចជាប្រជាពលរដ្ឋ ជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដីទទួលបាននូវសារៈប្រយោជន៍ដូចជា៖ រដ្ឋគ្រប់គ្រងដីធ្លី ទាំងដីរដ្ឋ និងដីឯកជន ងាយស្រួលក្នុងការងាររៀបចំដែនដី និងរដ្ឋបាលដីធ្លីការបែងចែកដី ការលើកស្ទួយកំរិតជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ នឹងកាត់បន្ថយបាននូវទំនាស់ដីធ្លី . ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋ. ទទួលបាននូវសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាក ដដែល ត្រូវបានការពារដោយច្បាប់និងធានាដោយរដ្ឋ . ប្រជាពលរដ្ឋអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬ អាជីវកម្មលើ ដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ ព្រមទាំងមានសុវត្ថិភាពក្នុងការកាន់កាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ហើយគ្មានជនណា អាចមករំលោភ បំពាន ឬធ្វើការដកហូតបានឡើយ។
លោកជំទាវ ទិត្យ ច័ន្ទការីន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច តែងតែគិតគូរជានិច្ចនូវតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយដាក់បទបញ្ជាឱ្យ អាជ្ញាធរគ្រប់រាជធានី-ខេត្ត ត្រូវមើលពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានដិតដល់បំផុត។
សម្តេចតែងតែដាក់ចេញនូវយន្តការមួយច្បាស់លាស់សម្រាប់ការដឹកនាំ ពិសេសជំរុញការផ្តល់សេវាសាធារណៈ ផ្សេងៗជូនពលរដ្ឋ ធ្វើយ៉ាងបង្ខិតឱ្យជិត ជាមួយនឹងតម្រូវការរបស់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ មិនឱ្យពលរដ្ឋធ្វើដំណើរ ទៅទទួលសេវាឆ្ងាយ។
លោកជំទាវបានបញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ នៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។
លោកជំទាវ ទិត្យ ច័ន្ទការីន ក៏បានមានប្រសាសន៍ស្នើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមឱ្យខិតខំថែរក្សាសារដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើងទៅខាងមុខផងដែរ៕