ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ដែលមានរឿងនៅខេត្តសៀមរាប ប្រកាសប្រាប់អតិថិជន ដែលដាក់លុយ ឲ្យទទួលយកដីរបស់ខ្លួនដើម្បីបញ្ចប់បំណុល

ខេត្តសៀមរាប៖ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី មានទីតាំងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលមានរឿងចម្រូងចម្រាស់ ជាច្រើនជាមួយអតិថិជន បានប្រកាសឲ្យអតិថិជន ដែលបានដាក់លុយ មកទទួលយកដីរបស់ក្រុមហ៊ុនដើម្បីបញ្ចប់បំណុល។

ការប្រកាសធ្វើឡើងនៅថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2024 នេះ។

សេចក្ដីប្រកាសជូនដំណឹង ខាងក្រោមនេះ៖
ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី មានកិត្តិយសសូមជម្រាបជូនដំណឹងទៅអតិថិជន ដែលជាប់ពាក់ព័ន្ធនិងការរកស៊ីចងការ ប្រាក់ជាមួយបុគ្គលិកក្រុមហ៊ុនទាំង២៥រូប ដែលជាបុគ្គលិក តំណាងឲ្យក្រុមហ៊ុន ទាំងអស់មេត្តាជ្រាបថា កន្លងមកនេះ ក៏ដូច ជាបច្ចុប្បន្ន ដោយស្ថានភាពវិបត្តិសេដ្ឋកិច្ចជាសកលនៅតែបន្ត ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ដំណើរការ រកស៊ីរួមគ្នារបស់ បុគ្គលិកទាំង ២៥រូប និងក្រុមហ៊ុនមិនអាចដំណើរការអាជីវកម្ម បន្តទៅមុខទៀតបាន ដែលជាហេតុធ្វើឲ្យមានការលំបាក និងមានការយឺតយ៉ាវយ៉ាង ខ្លាំងក្នុងការទូទាត់ប្រាក់ដើមទៅអតិថិជនវិញ ហើយអ្វីដែលគួរអោយព្រួយបារម្ភបំផុតគឺប្រឈម និងការបាត់បង់ប្រាក់ដើមរបស់អតិថិជន។

ឈរលើមូលដ្ឋានដ៏ស្មុគស្មាញនេះ ដើម្បីបញ្ចប់បំណុលរួមគ្នា របស់បុគ្គលិកទាំង ២៥រូប និងក្រុមហ៊ុន រវាងអតិថិជន បាន ក្រុមហ៊ុនសូមចេញមុខដោះស្រាយបញ្ហា នេះ ជូនអតិថិជនទាំងអស់ដោយសម្រេចថា ក្រុមហ៊ុននិងយកដីដែលក្រុមហ៊ុន មាន យកមកបញ្ចប់បញ្ហា ក្នុងការទូទាត់បំណុល ដែលអតិថិជន បានចងការប្រាក់ទាំងអស់ ដោយការកាត់ប្រាក់ដើមនិងការប្រាក់ ជាមួយដីដែលក្រុមហ៊ុនមានស្រាប់។ ទំហំដីត្រូវបានកំណត់តាមជាក់ស្តែងនៃចំនួនទឹកប្រាក់ ដែលអតិថិជន បានធ្វើឯកសារចងការជាមួយបុគ្គលិកក្រុមហ៊ុនទាំង ២៥រូប ។

សូមអតិថិជនទាំងអស់ មេត្តាទទួលយកការសម្របសម្រួល នេះពីក្រុមហ៊ុន ដោយក្ដីអនុគ្រោះ និងសហការ ដើម្បីរួមគ្នាដោះស្រាយ បញ្ហានេះ បញ្ចប់ដោយសុត្ថិភាព និងមិនអោយមានការខាតបង់ ប្រយោជន៍ របស់ភាគីណាមួយកើតឡើងឡើយ។

ក្រុមហ៊ុនសូមគោរពអញ្ជើញអតិថិជន ទាំងអស់ មេត្តាយកឯកសារ ដែលពាក់ពន្ធនឹងការផ្តល់ប្រាក់កម្ចី មករៀបចំឯក សារបញ្ចប់ប្រាក់ដើម និងការប្រាក់ដែលត្រូវកាត់យកដីនេះ មកធ្វើជាមួយបុគ្គលិកក្រុមហ៊ុនទាំង ២៥រូប និងមេធាវីរបស់ ក្រុមហ៊ុនចាប់ពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការ។

ដូចនេះក្រុមហ៊ុនសូមអំពាវនាវ ឲ្យអតិថិជនទាំងអស់មេត្តាទទួលយក និងអនុវត្តនូវគោលការណ៍ចុងក្រោយនេះ ដោយក្ដីអនុគ្រោះ។ ក្រៅពីលក្ខខណ្ឌដូចដែលបានជម្រាបជូនខាងលើនេះ ក្រុមហ៊ុនពិតជាមិនអាចមានលទ្ធភាពដោះស្រាយបានឡើយ។

សូមអរគុណ ចំពោះអតិថិជន ទាំងអស់ដែលតែងតែគាំទ្រនិងមានបំណងល្អជាមួយក្រុមហ៊ុន។

សូមរំលឹកថា ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ដែលមានលោកស្រី ឡេង ចាន់ណា ជាឧកញ៉ាម្ចាស់ក្រុមហ៊ុន បានរងបណ្ដឹងរបស់អតិថិជន ប្ដឹងទៅស្ថាប័នតុលាការ ជុំវិញការដាក់លុយវិនិយោគ របស់អតិថិជន។ ជាមួយគ្នានេះ កន្លងមកថ្មីៗ ក្រុមហ៊ុនបានប្រកាសទម្លាក់យីហោរបស់ក្រុមហ៊ុនចេញផងដែរ៕