ខេត្តកំពង់ចាម៖ជនវៀតណាមម្នាក់និងខ្មែរមួយនាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន ក្រោយប្រើដាវកាប់ប្រហារទៅលើជនជាតិខ្មែរពីរនាក់បណ្ដាលឲ្យរងរបួសធ្ងន់។
ករណីហិង្សានេះ នៅវេលាម៉ោង ៣រំលងអាទ្រាធ ថ្ងៃទី០៧ ខែ កុម្ភះ ឆ្នាំ២០២៤ នៅចំណុចក្រោយសាលាបឋមសិក្សាឧត្តរ ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
កាចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០២៤ នៅចំណុចភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
អាវុធហត្ថខេត្តកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យ១. ឈ្មោះ ថា រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើករថយន្តដឹកត្រី រស់នៅភូមិតាមាង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
២. ឈ្មោះ ឡេង យាំងយ៉ាង ហៅ វ៉ាន់ សារិទ្ធ ហៅ តឿ ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិវៀតណាម មុខរបរ កម្មកររថយន្តដឹកត្រី ស្នាក់នៅភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពពិតប្រាកដមែន។
អាវុធហត្ថបានបន្តថា ជនសង្ស័យជិះម៉ូតូ ០១ គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកដាវ០១ដើម ប្រព្រឹត្តិសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន០២នាក់ :
១/ ឈ្មោះ ក..ត ភ..រុ.. ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលគ្រាល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម មុខរបរ ជាងពិដាន បណ្តាលអោយដាច់ ក ដៃខាងឆ្វេង និងរយះកែងដៃឆ្វេង ។
២/ ឈ្មោះ ស.. គ….ន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់ភូមិត្រួយ ចេក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម
បណ្តាលអោយរងរបួសត្រូវស្មាខាងឆ្វេង។
ករណីនេះសមត្ថកិច្ច ចាប់យកវត្ថុតាង និងមធ្យោបាយ ប្រព្រឹត្តសកម្មភាពរួមមាន៖
– ម៉ូតូម៉ាកC125 ០១គ្រឿង ពណ៌ខ្មៅ សេរី ឆ្នាំ ២០១២ ពាក់ស្លាកលេខព្រៃវែង1F-1205
– ដាវចំនួន១ដើមប្រវែង ០, ៤៩ ម៉ែត្រ
– ខ្សែក្រវ៉ាត់ចំនួន១
– ម៉ួកសុវត្ថភាពបែកចំនួន១។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕