បង្ក្រាបក្រុមប្លន់នៅខេត្តសៀមរាប ចាប់ខ្លួនមុខសញ្ញាបាន២នាក់

0

ខេត្តសៀមរាប៖ក្រុមចោរប្លន់នៅខេត្តសៀមរាប និងតែងធ្វើសកម្មភាពយ៉ាងសកម្ម នៅភូមិសាស្ដ្ររាជធានី-ខេត្ត ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបបានចំនួន២នាក់។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ដោយកម្លាំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការ ជាមួយនគរបាលខេត្តសៀមរាប និងនគរបាលខេត្តព្រះវិហារ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបផ្ទាល់បានឲ្យដឹងថា ជនសង្ស័យ២នាក់ មានឈ្នោះដូចខាងក្រោម៖
១៖ ឈ្មោះ​ រ៉ង​ សារ៉ាត់​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ ជនជាតិ​ខ្មែរ​ ឃាត់​ខ្លួនបាននៅចំណុច​ ភូមិថ្នលដាច់​ ឃុំដានរុណ​ ស្រុកសូនិគម​ ខេត្តសៀមរាប។
២៖ ឈ្មោះ​ ឈិន​ ភន ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ឃាត់ខ្លួនបាននៅចំណុចភូមិស្នាផ្អែក​ ឃុំ​ស្រយ៉ង​ ស្រុកគូលេន​ ខេត្តព្រះវិហារ និងដកហូតបានវត្ថុតាង​ ដែលយកមកធ្វេីសកម្មភាពប្រព្រឹត្តបទល្មេីសបានមួយចំនួន​ទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១និង១៥នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ឡ.វ.ឆ.ក. ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ (អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប មានករណីប្លន់ បង្ក​ឡើងដោយជនសង្ស័យ ចំនួន៣នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់។

ជនសង្ស័យទាំងពីរ បានសារភាពដូចគ្នាថា​ ពួកខ្លួនដែលមានបក្ខចំនួន​៣នាក់​ ពិតជាបានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋ និងប្រដាប់ដោយកាំបិត (ដែលបានដកហូត ) ភ្ជង់ប្លន់យកទ្រព្យ​សម្បត្តិ ប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្ទះ (អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ​ ខេត្តសៀមរាប ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យទៅនគរបាលខេត្តសៀម​រាប​ បន្តអនុវត្តនីតិវិធី និងស្វែងរកចាប់ខ្លួនមុខសញ្ញាសង្ស័យ​ឈ្មោះ​ ឈិន​ ភណ្ឌ​ ដែលរត់គេចខ្លួន។

សូមជម្រាបថាប្រតិបត្តិការនេះ ក្រោយពីមានហេតុការកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន កម្លាំងជំនាញ​របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជា​មួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតឈានដល់កំណត់បានអត្តសញ្ញាណមុខសញ្ញប្រព្រឹត្តខាងលើ និងទីតាំងលាក់របស់ជនសង្ស័យតែម្ដង៕