ខេត្តសៀមរាប៖នារីវ័យក្មេងចំនួនពីរនាក់ ត្រូវជាបងប្អូនបង្កើតត្រូវបានរថយន្តធន់ធំៗមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចខាងត្បូងភូមិតាទយ ឃុំចារឈូក ស្រុកអង្គរជុំ។
សមត្ថកិច្ចស្រុកអង្គរជុំបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តនឹងម៉ូតូបើកបញ្ច្រាស់ទិសគ្នា។ រថយន្តម៉ាកកាំម៉ាស់ពណ៌ស មិនមានផ្លាកលេខអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បន្ទាប់ពីកើតហេតុ ដោយ
បើកបរទិសដៅពីជើង ទៅត្បូង បានបុកជាមួយ
ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ1AL-2214 (សៀមរាប) បើកបរដោយ ឈ្មោះ និល ណយ ភេទស្រី អាយុ១៥ឆ្នាំ (ស្លាប់) អ្នករួមដំណើរជាមួយ ឈ្មោះ និល នីត ភេទស្រី អាយុ២០ឆ្នាំ (ស្លាប់) ទាំង០២នាក់ជា (បង្អូនបង្កើតនឹងគ្នា) រស់នៅភូមិឃុំកើតហេតុខាងលើ បើកបរទិសដៅពីត្បូង ទៅជើង។
សមត្ថកិច្ចបានប្រាប់បន្តថា ករណីនេះ ការសន្និដ្ឋានបឋម អាចបណ្ដាលមកពីរថយន្តបើកបរ ឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងនិងប្រគល់សាកសព ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជុំ៕ដោយនាគខៀវ

