លិខិតមិត្តអ្នកអាន៖ គណបក្សនយោយបាយចំនួន២៨ នៅកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព

0

ភ្នំពេញ៖គណបក្ស​ប្រជាជន​កម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា។ ពិធី​នេះ​ធ្វើ​ឡើង​នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានី​ភ្នំពេញ​។

*ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា បុគ្គលមួយចំនួនតាំងខ្លួនជាអ្នកចេះដឹងក្នុងការបកស្រាយលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប៉ុន្ដែពួកគេបកស្រាយខុសពីការពិត ទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយចង់យកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកសង្កត់លើកម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា ប៉ុន្ដែពេលនេះអ្វីដែលកម្ពុជាត្រូវធ្វើគឺគោរពតាមច្បាប់រដ្ឋធម្មនុញ្ញប៉ុណ្ណោះ។

-សម្ដេចតេជោ ហ៊ុន សែន បង្ហាញការសប្បាយរីករាយ ដោយបានឃើញ បណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៧ផ្សេងទៀត ដែលបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញនៃកម្ពុជា។

-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជនមួយក្រុមកំពុងនាំគ្នាចង់មកបំផ្លាញសន្ដិភាពនៅក្នុងប្រទេសកម្ពុជា ដូច្នេះគណបក្សប្រជាជន និងបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៧ ផ្សេងទៀត ត្រូវរួមគ្នារក្សាសន្ដិភាព​របស់​ប្រទេសកម្ពុជាឱ្យបាន ​និងមិនអនុញ្ញាតឱ្យក្រុមណាមួយមកបំផ្លាញសន្ដិភាពរបស់កម្ពុជាបានឡើយ។

-សម្ដេចតេជោ ហ៊ុន សែន៖ ចលនា ៩ វិច្ឆិកា របស់ក្រុមប្រឆាំងជាអំពើក្បត់ជាតិ ដែលមិនអាច អត់ឱនឱ្យបាន។

-សម្ដេចតេជោ ហ៊ុន សែន៖ យើងមិនផ្ដល់ឱកាសឱ្យនរណាមួយ ធ្វើសកម្មភាពបំផ្លាញសន្តិភាព ដែលរកបានដោយលំបាកនៅកម្ពុជាបាននោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារទៅកាន់បរទេសមួយចំនួនដែលខ្វះការយល់ដឹងអំពីសេរីភាពនៃការបញ្ចេញមតិ និង​ចលនាក្នុងការផ្ដួល​រំលំរាជរដ្ឋាភិបាលក្រៅប្រព័ន្ធថា សព្វថ្ងៃនេះនៅកម្ពុជាមានសេសសល់​ក្រុមដែលធ្វើចលនា​បដិវត្តពណ៌​ដោយចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។

សម្ដេច បញ្ជាក់ទៅកាន់ក្រុមនេះ​ត្រូវដកខ្លួនចេញជាបន្ទាន់ ពីព្រោះកម្ពុជាមិនអនុញ្ញាត​ឱ្យក្រុមណាមួយ​មកធ្វើចលនាបំផ្លាញ​សន្ដិភាពរបស់កម្ពុជាបានឡើយ។

-សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមកម្លាំងគ្នាទប់ស្កាត់ចំពោះចលនាជ្រុលនិយម ដែលបង្ក គ្រោះថ្នាក់សម្រាប់ជាតិ ពលរដ្ឋ និងសង្គម។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាផ្សេងទៀតនាពេលនេះ គឺដើម្បីរួមគ្នាទប់ស្កាត់នូវចលនាជ្រុលនិយមផ្សេងដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

-សម្ដេចតេជោ ហ៊ុន សែន៖ បារាំងមានការខ្លាចរអាចំពោះចលនាជ្រុលនិយម ហេតុនេះហើយ បានជា ពលរដ្ឋបារាំងបោះឆ្នោតឱ្យលោក អេម៉ានុយអែល ម៉ាក្រុង បន្តកាន់តំណែងជាប្រធានាធិបតី ដោយមិន បោះឆ្នោតឱ្យលោកស្រី ម៉ារី ឡឺប៉ែន ដែលមានការគាំទ្រពីក្រុមចលនាជ្រុលនិយមនោះឡើយ។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំឱ្យរៀបចំសេចក្ដីព្រាងនូវបទបញ្ជា ផ្ទៃក្នុង នៃបក្សនយោបាយទាំង ២៨ ដែលចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយគ្នានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយ ទាំង ២៨ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ ជាផ្នែកមួយនៃការរួបរួមជាតិ សម្រាប់ប្រទេសរបស់យើង។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយ ទាំង ២៨ នៅថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៣នេះ មិនមែនជាកិច្ចការកញ្ឆក់កណ្ដៀត ដើម្បីដោះស្រាយ បញ្ហាតូចតាចនោះទេ។ សម្ព័ន្ធភាពនៅថ្ងៃនេះ គឺមានគោលដៅរួម និងអង្វែងយូរ។

-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាត្រូវការកម្លាំងមួយ ដើម្បីការពារនូវព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារអធិបតេយ្យភាព និងសន្ដិភាពរបស់កម្ពុជា ដូច្នេះតាមរយៈការចង់សម្ព័ន្ធជាមួយបណ្ដាគណបក្សនយោបាយនាពេលនេះ គឺអាចរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីកសាងជាតិរួមគ្នា និងជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងវប្បធម៌សន្ទនានៅកម្ពុជាផងដែរ។

-សម្ដេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយទាំង ២៨ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ គឺជាការកសាងនូវវប្បធម៌សន្ទនា និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត។

-សម្ដេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយ ទាំង ២៨ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ មានចរិតមិនដូចគ្នានឹងសមាជិកនៃក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ សម្រាប់រាជរដ្ឋាភិបាលនោះទេ៕ដោយនាគខៀវ