ឱកូនមាសម្ដាយ¡ យកពូថៅកាប់ម្ដាយបង្កើតដែលកំពុងបោកខោអាវ បណ្ដាលឲ្យធ្លាយចេញខួរ

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកក្រឡាញ់បានឃាត់ខ្លួនបុរសម្នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់ជនរងគ្រោះនិងពូថៅ)។

ហេតុការណ៍អំពើហិង្សានៅវេលាម៉ោង១១និង៤០នាទីថ្ងៃ ២២ ខែ តុលា ឆ្នាំ២០២៣  នៅត្រង់ចំណុច ភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកក្រឡាញ់បានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ជនសង្ស័យឈ្មោះ ឈឿ ប្រើច ភេទ ប្រុស អាយុ៤១ ឆ្នាំ (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគាររយ:ពេល៦ឆ្នាំ ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩) ត្រូវជាកូនបង្កើតជនរងគ្រោះ។

សមត្ថកិច្ចស្រុកក្រឡាញ់បានថ្លែងបន្តថា ករណីនេះនេះជនសង្ស័យជាកូនបានយកពូថៅកាប់ទៅលើជនរងគ្រោះ ដែលកំពុងអង្គុយបោកខោអាវ ដោយមិនបានដឹងខ្លួន បណ្ដាលឲ្យរបួសក្បាលផ្នែកខាងលើរហូតដល់ចេញខួរក្បាលមកខាងក្រៅយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេជួយយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ជនរងគ្រោះ ឈ្មោះ សេក អង ភេទ ស្រី អាយុ៧០ឆ្នាំ ត្រូវជាម្ដាយបង្កើត រស់នៅផ្ទះជាមួយគ្នា ស្ថិតនៅភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមសមត្ថកិច្ច ក្រោយពីមានអំពើហិង្សានេះកើតឡើង កម្លាំងសមត្ថកិច្ចបានប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីមូលហេតុចំពោះករណីនេះនៅឡើយទេ៕ដោយនាគខៀវ