ស្នងការខេត្តសៀមរាប បំភ្លឺថា ម្ចាស់មណ្ឌលកំសាន្តកេសរកូល ជាជនរងគ្រោះ..ឯបុរសពាក់អាវខៀវមានសារធាតុញៀន

ខេត្តសៀមរាប៖ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអះអាងថា ម្ចាស់មណ្ឌលកំសាន្តកេសរកូល ជាជនរងគ្រោះ ជាជនរងគ្រោះ បា..ក់ធ្មេញ បានដួ..លទៅលើសាបថ្ម បណ្ដាលឲ្យរលាត់កែងដៃ។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះ បានបង្ហាញថា៖ នាពេលកន្លងទៅថ្មីៗនេះ មានសារព័ត៌មានដែលមានឈ្មោះ សៀមរាប ប៉ុស្តិ៍ (Siem Reap. Post) បាន បង្ហោះកាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដោយសរសេរខ្លឹមសារថា៖ បើការពិតមែន ពិតជាព្រៃផ្សៃណាស់! ថៅកែ ខារ៉ាអូខេមួយកន្លែង នៅកណ្តាលក្រុងសៀមរាប បានរងការចោទថា ខ្លួនជាមួយបក្ខពួក ត្រួតវាយទៅលើអ្នក លក់ម្ជូរ តាមរ៉ឺម៉ក។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់ លោក វរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីចុះធ្វើការស្រាវជ្រាវករណីហិង្សាខាងលើ ដែលលទ្ធផលទទួលបានមាន ដូចខាងក្រោម៖

ជាក់ស្ដែងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២១:០៥នាទី មានឈ្មោះ ម៉ក់ សំអឿន ភេទប្រុស អាយុ ៥០ឆ្នាំ ដែលជាម្ចាស់មណ្ឌលកំសាន្តកេសរកូល ស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានដើរពិនិត្យមើលជុំវិញបរិវេណមណ្ឌលកំសាន្តរបស់ខ្លួន ដែលបានបិទរយៈពេលជាង៤ខែមកហើយ ខណៈដែលរូបគាត់ បានដើរ ក៏បានឃើញមនុស្សចំនួន ០២នាក់ (ក្មេងប្រុស ០១នាក់ និងមនុស្សប្រុសវ័យកណ្តាល ០១នាក់) ដែលកំពុង អង្គុយក្នុងបរិវេណដីជាប់នឹងជណ្តើរយន្តក្នុងមណ្ឌលកំសាន្តរបស់គាត់ ហើយបានហុចរបស់តូចឲ្យគ្នា តែជារបស់អ្វី រូបគាត់ ពុំដឹងទេ ឃើញដូចនេះ រូបគាត់បានសួរទៅអ្នកទាំងពីរនោះថា អ្នកឯងមកពីណា? មកធ្វើអីនៅទីនេះ? ពួកគេបានឆ្លើយថា ជាឪពុកកូន បន្ទាប់មកឈ្មោះ ម៉ក់ សំអឿន បានណែនាំទៅអ្នកទាំងពីរទៀតថា បើកូនចឹងម៉េចមិននាំទៅរៀនទៅ? ក្មេងប្រុសបានឆ្លើយថា គ្រួសាររបស់គេក្រណាស់ ភ្លាមនោះដែរ ស្រាប់តែបុរសវ័យកណ្តាល បានដើរចេញ ហើយលើកទូរស័ព្ទ និយាយ បានប្រហែល២ទៅ៣នាទីក្រោយមក ស្រាប់តែមានបុរសម្នាក់ បានជិះម៉ូតូរ៉ឺម៉ក យ៉ាងលឿន ចូលមកដល់បរិវេណ ដីក្នុងមណ្ឌលកំសាន្តរបស់គាត់ ដល់ទីកន្លែងដែលឈ្មោះ ម៉ក់ សំអឿន កំពុងឈរនិយាយ ហើយបុរសដែលបើកម៉ូតូរ៉ឺម៉កនោះ បានឈប់ម៉ូតូរ៉ឺម៉កភ្លាម ក៏ចុះមកស្រែកសំឡុតមកលើឈ្មោះ ម៉ក់ សំអឿន ថា ពួកហែងម៉េចធ្វើបាបកូនអញ បន្ទាប់មក ក៏បានចុះពីលើម៉ូតូរ៉ឺម៉កស្ទុះមកវាយមកលើឈ្មោះ ម៉ក់ សំអឿន ចំនួនពីរដៃ ត្រូវក្រោមភ្នែកខាងឆ្វេង (ហើមជាំ) និងមួយដ ទៀតត្រូវត្រង់មាត់ (បណ្ដាលឲ្យបាក់ធ្មេញខាងលើខាងមុខ) ហើយឈ្មោះ ម៉ក់ សំអឿន បានដួលទៅលើសាបថ្ម បណ្ដាល ឲ្យរលាត់កែងដៃខាងស្តាំ ភ្លាមនោះដែរក៏មានឈ្មោះ ម៉ក់ សម្ភាព ឈ្មោះ ញ៉ាន ណារិទ្ធ និងឈ្មោះ ឡុក ប៊ុនហាក់ ចូលមក ជួយឃាត់ និងចាប់ចេញ ហើយក៏មានកម្លាំងអន្តរាគមន៍ ចុះមកដល់ ក៏បាននាំភាគីទាំងសងខាងមកប្រគល់ឲ្យការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលជាអ្នកសួរនាំតែម្ដង ។

ក្រោយពីសមត្ថកិច្ចយើងបានសួរនាំលើបុរសដែលជាអ្នកបើកម៉ូតូរ៉ឺម៉កដែលមានឈ្មោះ ឌន ដេត ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រួចមក រូបគេក៏បានទទួលស្គាល់ នូវកំហុសរបស់ខ្លួន ហើយរូបគេបានសារភាពទៀតថា បានប្រើប្រាស់ថ្នាំញៀននៅប្រទេសថៃ ហើយថ្ងៃប្រើប្រាស់ថ្នាំញៀន ចុងក្រោយនៅក្នុងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២០:៣០ នាទី នៅព្រៃអង្គរ ។ បន្ទាប់ពីសមត្ថកិច្ចយើងបាន ធ្វើតេស្តស្វែងរកសារធាតុញៀនលើឈ្មោះ ឌន ដេត រួចមក លទ្ធផលគឺវិជ្ជមាន (តំរុយមេតំហ្វេតាមីន) ហើយសមត្ថកិច្ច យើងក៏បានធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន ទៅតាមបញ្ជារបស់ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តសៀមរាប តែម្តង។

អាស្រ័យហេតុនេះ សូម លោកនាយក សារព័ត៌មាន Siem Reap Post ជួយកែតម្រូវនូវខ្លឹមសារដែលបានចុះផ្សាយ ដើម្បីជៀសវាងកុំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំង៕