រដ្ឋមន្ត្រីក្រសួងព័ត៌មាន «អំពាវនាវកុំឲ្យចែករំលែករូបភាពមួយចំនួន ដែលប៉ះពាល់ដល់អារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន «អំពាវនាវកុំឲ្យចែករំលែករូបភាពមួយចំនួន ដែលប៉ះពាល់ដល់អារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ»

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា
បាន«អំពាវនាវកុំឲ្យចែករំលែករូបភាពមួយចំនួន ដែលប៉ះពាល់ដល់អារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ»។

តាមរយៈទំព័រ facebook ផ្លូវការនិងប្រព័ន្ធតេឡេក្រាម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរថា៖
នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាមានការចែករំលែកនិងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្ម នៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត, សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍ របស់ក្រុមគ្រួសារ ជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍ របស់បងប្អូន ប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្រ្តា ក៏បានបញ្ជាក់ផងដែរថា៖ ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺ​ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។

រដ្ឋមន្ត្រីបន្តថា៖ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផងដែរ៕ដោយនាគខៀវ