ខេត្តសៀមរាប៖លោក KIMURA Tomonori សហស្ថាបនិករបស់ក្រុមហ៊ុន TOMONI ប្រទេសជប៉ុន និងជាប្រធានក្រុមហ៊ុន Asian Gateway (Cambodia) Co.,Ltd បានលើកឡើងរាយការណ៍អំពីគម្រោង ដែលបានសិក្សា និងអនុវត្តនាពេលកន្លងជូន អភិបាលខេត្តសៀមរាប ដូចជាការសិក្សាលើលទ្ធភាពអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ក្រោមកម្មវិធី METI លើផ្ទៃដីទំហំ១៨៤ ហិតា ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា (២០១៣) គម្រោងកិច្ចសហប្រតិបត្តិការទីក្រុង និងទីក្រុងសម្រាប់មធ្យោបាយធ្វើដំណើរដោយថាមពលពន្លឺព្រះអាទិត្យ និងគម្រោងថាមពលប្រើប្រាស់ ពីលាមកសត្វ(២០១៥) គម្រោងសាកល្បងប្រើប្រាស់សេវាជួលម៉ូតូអាគុយ (២០១៨) គម្រោងដឹកជញ្ជូនភ្ញៀវទេសចរដោយប្រើឡានអាគុយ (២០១៩) និងគម្រោងអភិវឌ្ឍន៍ Eco-Tourism នៅភ្នំកូលេន ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន(២០២២) និងគម្រោងមួយចំនួនទៀត។ល។
លោក KIMURA Tomonori លើកឡើងយ៉ាងដូច្នេះ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសជំនួបពិភាក្សាការងារ ជាមួយររដ្ឋបាលខេត្តសៀមរាប។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក KIMURA Tomonori ដែលចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត នាពេលកន្លងទៅ និងបន្តទៅថ្ងៃអនាគត និងស្នើឱ្យក្រុមហ៊ុន បន្តកិច្ចសហការ ជាមួយជំនាញពាក់ព័ន្ធសម្រាប់កិច្ចការងារ នានាលើគម្រោងទៅថ្ងៃអនាគត។
នៅរដ្ឋបាលខេត្តសៀមរាប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត និងប្តេជ្ញាបន្តជួយ ជម្រុញគាំទ្រការអភិវឌ្ឍខេត្តសៀមរាប ជាពិសេស គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ផ្សេងៗឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ៕